ក្រុមហ៊ុនអចលនទ្រព្យជាប់បំណុលច្រើនបំផុតលើលោក Evergrande បានបន្តការលក់ភាគហ៊ុនរបស់ខ្លួន នៅលើផ្សារហ៊ុនហុងកុងនាថ្ងៃទី០៣ ខែតុលា បន្ទាប់ពីផ្អាកការលក់មួយរយៈ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍ពីក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា ការបន្តលក់ភាគហ៊ុនរបស់ China Evergrande Group នឹងបន្តវិញ នាព្រឹកថ្ងៃនេះ ចាប់ពីម៉ោង ៩ព្រឹកតទៅ ខណៈភាគហ៊ុននៅក្រុមហ៊ុន Evergrande Property Services ក៏បានបន្តឡើងវិញដូចគ្នា។
គួររំលឹកដែរថា មូលហេតុនៃការផ្អាកលក់ភាគហ៊ុនរបស់ Evergrande មិនត្រូវបានបង្ហាញជាសាធារណៈឡើយ ដោយវាកើតឡើងភ្លាមៗបន្ទាប់ពីផ្ទុះដំណឹងថា ម្ចាស់ក្រុមហ៊ុន មហាសេដ្ឋី Xu Jiayin ត្រូវបានឃាត់ខ្លួនដោយក្រុមប៉ូលិស។
សូមជម្រាបបន្ថែមថា Evergrande ត្រូវបានគេចាត់ទុកថា ជាដើមចមនៃការធ្វើឲ្យវិស័យអចលនទ្រព្យនៅចិន ធ្លាក់ក្នុងរណ្ដៅដ៏ជ្រៅ ដោយសារពួកគេជាប់បំណុលបរទេសយ៉ាងច្រើន ស្របពេលក្រុមហ៊ុនខ្នាតយក្សក្នុងស្រុកផ្សេងទៀតក៏កំពុងផុងខ្លួនជាមួយបំណុលវ័ណ្ឌកដូចគ្នា៕