ស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Haichang Group មហាសេដ្ឋីចិន Qu Naijie កំពុងឡើងតុលាការ តវ៉ាក្ដីនៅប្រទេសបារាំងពីបទចោទប្រកាន់ថា លោកបានកិបកេងមូលនិធិរដ្ឋាភិបាលចិន ប្រមាណ ២៦៨លានយ៉ន់ ឬប្រហែល ៣៣,៥លានដុល្លារ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Vinojoy បានបង្ហាញថា មហាសេដ្ឋីចិនរូបនេះ ត្រូវបានអាជ្ញាធរបារាំងតាមចាប់ខ្លួន ក្រោយរដ្ឋាភិបាលចិនដាក់ក្រុមហ៊ុនរបស់លោកក្នុងបញ្ជីខ្មៅ បន្ទាប់ពីចោទថា បានលួចកិបកេងថវិការដ្ឋ យកទៅទិញផ្ទះ ២៥កន្លែងនៅទីក្រុង Bordeaux ប្រទេសបារាំង កាលពីឆ្នាំ២០១៤។
បន្ទាប់ពីបើកការស៊ើបអង្កេតអស់រយៈពេលជាយូរ អាជ្ញាធរបារាំងរកបានតម្រុយខ្លះ និងដកហូតផ្ទះ ១០ខ្នង ដែលកាន់កាប់ដោយ Haichang Group កាលពីឆ្នាំ២០១៨ ក្រោមការសង្ស័យថាជាការលាងលុយ និងគេចពន្ធ។
សូមជម្រាបដែរថា មហាសេដ្ឋីចិនរូបនេះត្រូវបានគេស្គាល់ថា ជាអ្នកចូលចិត្តប្រមូលទិញស្រាប្រណីតៗ ខណៈទីក្រុង Bordeaux ដែលជាកន្លែងផលិតស្រាល្បីលំដាប់ពិភពលោក គឺជាឋានសួគ៌របស់មហាសេដ្ឋីម្នាក់នេះ។
ចំណង់ចំណូលចិត្តរបស់បុរសវ័យ ៦៣ឆ្នាំ បានធ្វើឲ្យលោកជះលុយរាប់លានដុល្លារ ទិញផ្ទះ និងចម្ការទំពាំងបាយជូរនៅ Bordeaux រាប់សិបកន្លែង ពីឆ្នាំ២០១០ ដល់២០១៣ ប៉ុន្តែនៅឆ្នាំ២០១៦ លោកត្រូវបានចោទប្រកាន់ពីបទស៊ីសំណូកសូកប៉ាន់ ដែលបណ្ដាលឲ្យលោកផ្អាកចេញមុខនៅតាមទីសាធារណៈអស់រយៈពេលជាយូរ៕