ឥណ្ឌូនេស៊ី គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ជាមួយប្រទេសម៉ាឡេស៊ី ក្នុងការសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី នៅក្នុងសួនឧស្សាហកម្ម Samalaju ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Raden Sigit Witjaksono តំណាងស្ថានកុងស៊ុលឥណ្ឌូនេស៊ី ប្រចាំនៅប្រទេសម៉ាឡេស៊ី បានបង្ហាញឱ្យដឹងថា រោងចក្រថ្មីនេះ នឹងត្រូវប្រើប្រាស់ថាមពល ពីរោងចក្រវារីអគ្គិសនី ដែលមានទីតាំង នៅទំនប់ Bakun ក្នុងរដ្ឋ Sarawak នៃប្រទេសម៉ាឡេស៊ី។
លោក Raden បាននិយាយទៀតថា អស់ជាច្រើនទសវត្សរ៍មកហើយ ដែលឥណ្ឌូនេស៊ី បានសហការគ្នាជាមួយរដ្ឋ Sarawak ។ ជាក់ស្តែង ខេត្ត Kalimantan ដែលស្ថិតភាគខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី បានទិញយកអគ្គិសនី ពីរោងចក្រវារីអគ្គិសនីដែលមានទីតាំងនៅក្នុងរដ្ឋ Sarawak នេះ។
ជម្រាបជូនផងដែរថា កាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ និងប្រមុខរដ្ឋ Sarawak របស់ប្រទេសម៉ាឡេស៊ី បានបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីថ្មីមួយ នៅក្នុងខេត្ត North Kalimantan ប្រទេសឥណ្ឌូនេស៊ី ដែលមានសមត្ថភាពផលិតថាមពលបាន ១ ៣៧៨ មេហ្គាវ៉ាត់ ដោយរដ្ឋ Sarawak បានចូលរួមចំណែក ២៥% នៃការចំណាយសរុបលើគម្រោងនេះ៕