មាន់៣សាសន៍នៅរក្សាបានតម្លៃខ្ពស់និងមានតម្រូវការលើទីផ្សារច្រើនជាងមាន់សាច់ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងរដូវកាលនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌឆ្នំា២០២៣នេះ គេមើលឃើញថាប្រភេទមាន់៣សាសន៍នៅរក្សាបានតម្លៃខ្ពស់និងមានតម្រូវការតម្រូវការនៅលើទីផ្សារច្រើនជាងមាន់សាច់។ពោលនៅលើទីផ្សារក្នុងមួយគីឡូមាន់៣សាសន៍លក់បានថ្លៃ១ម៉ឺនរៀល ខណៈមាន់សាច់លក់បានថ្លៃជាង៤០០០រៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាម ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងនៅខាងខេត្តកំពង់ស្ពឺ បានសង្កេតឃើញថា បច្ចុប្បន្ននេះទីផ្សារមាន់សាច់សម្រាប់អ្នកចិញ្ចឹមលក់ថ្លៃត្រឹមតែ៤៤០០រៀល ខណៈថ្លៃដើមផលិតអ្នកចិញ្ចឹមមាន់ចំណាយអស់៥០០០រៀល។

លោកសុក សីហា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខាងលើមានប្រសាសន៍ថា« ខ្ញុំដឹងថាក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នំា២០២៣នេះតម្រូវការមាន់សាច់នៅលើទីផ្សារមានមិនសូវច្រើននោះទេ ម្លោះហើយទើបខ្ញុំកាត់បន្ថយចំនួនចិញ្ចឹមមាន់សាច់»។

លោកលើកឡើងថា មាន់សាច់នៅមុនរដូវបុណ្យភ្ជុំបិណ្ឌ និងមុនរដូវចូលឆ្នំាថ្មីប្រពៃជាតិខ្មែរលក់មិនសូវបានថ្លៃដូចគ្នា  ព្រោះប្រជាពលរដ្ឋមិននិយមទិញយកទៅធ្វើម្ហូបសម្រាប់ទៅវត្តនោះទេ គាត់និយមធ្វើមាន់បីសាសន៍ឬមាន់ស្រុក។ ដូចនេះតម្លៃមាន់សាច់ទោះចង់ឬមិនចង់មិនអាចលក់បានថ្លៃនោះទេ ប៉ុន្តែបើផុតពីរដូវបុណ្យភ្ជុំនេះទៅ ប្រជាពលរដ្ឋឬកម្មករនិយោជិតក្នុងវិស័យកាត់ដេរចាប់ផ្តើមមានតម្រូវការមាន់សាច់សម្រាប់ធ្វើម្ហូបឡើងវិញ។

លោកសុក សីហាបញ្ជាក់ថា«នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌឆ្នំានេះក្នុងមួយសប្តាហ៍ ខ្ញុំមានមាន់សាច់សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារមានប្រមាណ១៥.០០០ម៉ឺនក្បាល តែដល់ពេលផុតបុណ្យភ្ជុំហើយទើបខ្ញុំមានមាន់សាច់ចន្លោះ២ម៉ឺនក្បាលទៅ៣ម៉ឺនក្បាលវិញ ហើយសម្រាប់មាន់៣សាសន៍យើងលក់ដាច់បានជាធម្មតាដូចនិងឆ្នំាមុនដែរ លក់ទៅភ្នំពេញមួយគីឡូក្រាមថ្លៃ១ម៉ឺនរៀល។ដូចនេះមាន់៣សាសន៍វាមិនមានបញ្ហានៅលើទីផ្សារដូចទៅនិងមាន់សាច់នោះទេ»។

បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមមាន់នៅខាងខេត្តកំពង់ស្ពឺរូបនេះថា នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌឆ្នំា២០២៣ឬក្នុងរយៈ១៥ថ្ងៃលោកមានមាន់សាច់ប្រមាណ៣ម៉ឺនក្បាលលក់ចេញទៅលើទីផ្សារ។ចំណែកមាន់៣សាសន៍វិញមានពីចន្លោះ៤ម៉ឺនក្បាលទៅ៦ម៉ឺនក្បាល។

លោកលើឡើងថា មាន់សាច់យើងដឹងថាទីផ្សារអត់ល្អ ប៉ុន្តែហេតុអ្វីបានជាខ្ញុំមានមាន់លក់ក្នុងមួយសប្តាហ៍១៥០០០ក្បាល? ព្រោះចំនួននេះគឺជាចំនួនដែលខ្ញុំមិនអាច ខកខានលក់បានដោយសារខ្ញុំមានម៉ូយប្រចំាថ្ងៃត្រូវផ្គត់ផ្គង់ជូនពួកគាត់។មាន់៣សាសន៍ទោះបីតម្លៃមិនអាចឡើងថ្លៃផុតពី១ម៉ឹនរៀលក្នុងមួយគីឡូក្រាមក្នុងរដូវភ្ជុំបិណ្ឌក៏ដោយ តែតម្លៃនេះក្នុងនាមជាអ្នកចិញ្ចឹមមាន់មាន់ម្នាក់គឺអាចទទួលយកបាន ព្រោះមានផលចំណេញខ្លះត្រឡប់មកវិញ៕

អត្ថបទ៖សារេត