នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin កាលពីថ្ងៃទី២ ខែតុលា បាននិយាយថារដ្ឋាភិបាលនឹងកែប្រែថៃ ឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅក្នុងរយ:ពេល ៤ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
នៅក្នុងកិច្ចប្រជុំស្តីពីគោលនយោបាយទាក់ទងជាមួយនឹងថវិកាសារពើពន្ធឆ្នាំ ២០២៤ លោក Srettha បាននិយាយថា សេដ្ឋកិច្ចរបស់ថៃ នឹងកើនឡើងជាមធ្យម ៥% ក្នុងមួយឆ្នាំ ហើយប្រាក់ឈ្នួលអប្បបរមា នឹងកើនដល់ចំនួន ៦០០បាត (១៦,២ដុល្លារ) ក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៧ ខាងមុខ។
នៅក្នុងជំហានដំបូង ប្រាក់ឈ្នួលអប្បបរមា នឹងត្រូវបានដំឡើងដល់ចំនួន ៤០០បាតក្នុងមួយថ្ងៃ ហើយប្រាក់ខែសម្រាប់និស្សិត ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនឹងកើនដល់ចំនួន ២៥ ០០០បាត ក្នុងមួយខែ។ ដោយនេះនឹងក្លាយជាផ្នែកមួយនៃផែនការក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ នៅពេលដែលរដ្ឋាភិបាល ក៏នឹងអាចប្រមូលពន្ធបានច្រើនបន្ថែមទៀត សម្រាប់ការវិនិយោគ។
លោក Srettha ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា រដ្ឋាភិបាលរបស់លោក នឹងផ្តល់អាទិភាពជាពិសេសដល់ការបង្កើនប្រាក់ចំណូល រួមទាំងការកាត់បន្ថយការចំណាយ និងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងរយយ:ពេលខ្លី ផងដែរ ។
ជម្រាបជូនផងដែរថា កន្លងមករដ្ឋាភិបាលថ្មី បានដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចដ៏លេចធ្លោជាច្រើន ជាពិសេសគម្រោងផ្តល់ជូនលុយឌីជីថលចំនួន ១០ ០០០បាត ដោយរំពឹងទុកខ្ពស់ថា នឹងអាចជួយជំរុញទាំងតម្រូវការ និងការផ្គត់ផ្គង់ ដែលនឹងនាំឱ្យមានលុយជាច្រើនចរាចរនៅក្នុងចរន្តសេដ្ឋកិច្ច និងរួមចំណែកដល់កំណើន GDP ។
ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងការកាត់បន្ថយថ្លៃដើមរស់នៅ គណៈរដ្ឋមន្ត្រី ក៏បានធ្វើការអនុម័តរួចមកហើយ ដើម្បីកាត់បន្ថយថ្លៃថាមពល ជាពិសេសប្រេងម៉ាស៊ូត និងអគ្គិសនី រួមទាំងផែនការក្នុងការព្យួរបំណុលសម្រាប់កសិករខ្នាតតូច និងមធ្យម ថែមទៀតផង៕