លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និងជាអគ្គនាយកបុរី វិមានសំណាង បានបង្ហាញការយល់ឃើញពីស្ថានភាពនៃការលក់អចលនទ្រព្យ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ លើ៤ចំណុចគឺ ដីឡូត៍ បុរី ខុនដូ និងការលក់អចលនទ្រព្យលើកទី២។
លោកឧកញ៉ា បានលើកឡើងក្នុងបទសម្ភាសន៍មួយថ្មីៗកន្លងទៅនេះថា ៨ខែមកនេះ ដីឡូត៍នៅតែមានសភាពស្ងប់ស្ងាត់ ហើយស្ងាត់ជាងឆ្នាំ២០២២ទៅទៀត។ ឆ្នាំ២០២៣នេះស្ទើរតែស្ងាត់ឈឹងនិងមានរឿងច្រើនតែម្តងពាក់ព័ន្ធនឹងដីឡូត៍ ដោយសារមានអ្នកលក់ដីឡូត៍មួយចំនួន មានបញ្ហាតាមផ្លូវច្បាប់។ ដូច្នេះវិស័យដីឡូត៍ ឆ្នាំ២០២៣ គឺពិបាកខ្លាំងមែនទែន។
សម្រាប់បុរី អ្វីដែលលោកមើលឃើញនៅឆ្នាំ២០២៣ ដែលមានបញ្ហាបន្តពីឆ្នាំ២០២០ ២០២១ និង២០២២ គឺបុរីសម្រាប់អ្នកមានចំណូលក្រោមមធ្យម នៅបន្តរងផលប៉ះពាល់។ ហេតុផលដែលការសាងសង់លក់បុរីសម្រាប់អ្នកមានចំណូលក្រោមមធ្យម បន្តរងការប៉ះពាល់ ដោយសារតែវិបត្តិពិភពលោក បណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាកូវីដ-១៩ សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ធ្វើឱ្យប្រទេសកម្ពុជាយើង រងផលប៉ះពាល់លើវិស័យជាច្រើន ពិសេសវិស័យឧស្សាហកម្ម។ វិស័យឧស្សាហកម្ម បានផ្តល់ការងារឱ្យប្រជាជនកម្ពុជា ប្រហែល ១លាននាក់ ដែលពួកគាត់រងការប៉ះពាល់ច្រើន ដូចជា រោងចក្រ សហគ្រាស និងសេវាកម្ម។ ពួកគាត់ជាអ្នកមានចំណូលក្រោមមធ្យម ដែលទិញផ្ទះតម្លៃក្រោម ៥០០០០ដុល្លារ ដូច្នេះធ្វើឱ្យបុរី មានផ្ទះតម្លៃលក់ពី ៤ម៉ឺនទៅ ៥ម៉ឺនដុល្លារ រងផលប៉ះពាល់ច្រើន ក្នុងរយៈពេល៨ខែមកនេះ។ ចំពោះបុរី ដែលមានផ្ទះលក់តម្លៃចាប់ពី ៥ម៉ឺនដុល្លារឡើង មិនសូវប៉ះពាល់ច្រើនទេ ដោយសារនៅមានសកម្មភាពលក់-ទិញ ច្រើនគួរសម។
លោកឧកញ៉ា បានបន្តថា រីឯខុនដូវិញ នៅឆ្នាំ២០២៣នេះ យើងព្យាយាមផ្សព្វផ្សាយច្រើនពីខុនដូ ប៉ុន្តែយើងបានបង្កើតកំហុសដ៏ធំមួយ ក្នុងការលក់ខុនដូនៅប្រទេសកម្ពុជា គឺការកំណត់តម្លៃលក់ ការបញ្ចុះតម្លៃលក់ និងប្រាក់កម្រៃជើងសារ។ បទពិសោធន៍ជាង ២០ឆ្នាំ ដែលលោករកស៊ីក្នុងវិស័យនេះ លោកមើលឃើញថា កំហុសសម្រាប់ការលក់ដីឡូត៍ និងខុនដូ គឺការកំណត់តម្លៃលក់ និងការផ្តល់ប្រាក់កម្រៃជើងសារ ព្រោះធម្មតាការសង់ខុនដូគឺអគាររាប់សិបជាន់ ហើយថ្លៃដើមសាងសង់ខុនដូជាទូទៅ គឺក្រោម ១០០០ដុល្លារ/ម៉ែត្រការ៉េ ប៉ុន្តែគម្រោងខ្លះដាក់លក់តម្លៃ ២០០០ទៅ២៥០០ដុល្លារ/ម៉ែត្រការ៉េ ដោយអាងបញ្ចុះតម្លៃច្រើន និងផ្តល់កម្រៃជើងសារច្រើន។ ដូច្នេះកត្តាទាំងនេះ បានធ្វើឱ្យខូចទីផ្សារខុនដូនៅកម្ពុជា និងតម្លៃលែងមានការពិត ធ្វើឱ្យបាត់បង់ទំនុកចិត្តពីអតិថិជន។
ចំណែកឯ ការលក់អចលនទ្រព្យលើកទី២ មានន័យថា ការលក់ដីចាស់ ផ្ទះចាស់ លោកឧកញ៉ាមើលឃើញថា នៅតែមានដំណើរការធម្មតា គ្រាន់តែតម្លៃអាចធូរជាងមុន ហើយមនុស្សនៅតែដើរទិញ។ សម្រាប់ក្រុមហ៊ុន ដែលមានសេវាកម្មលក់អចលនទ្រព្យលើកទី២នេះ ក្រុមហ៊ុនខ្លះរកចំណូលមិនបាន ឯក្រុមហ៊ុនខ្លះក៏រកចំណូលបានច្រើន គឺជារឿងធម្មតា ព្រោះប្រទេសយើងសេដ្ឋកិច្ចទីផ្សារស៊េរី។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានព្យាករថា នៅក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុងកំណើន ៥,៥% ជាមួយកម្រិតអតិផរណាទាបក្នុងរង្វង់ ២%។ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងគាំទ្រជាចម្បងដោយការនាំចេញទំនិញ និងការបន្តងើបឡើងលឿននៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗ ក្នុងនោះរួមទាំងវិស័យអចលនទ្រព្យផងដែរ៕