ក្រោយពីបានចាយពេលអស់ប្រមាណមួយឆ្នាំ ដើម្បីរៀបចំបានចប់សព្វគ្រប់, ពេញលេញ និងគ្រប់ជ្រុង-ជ្រោយនៅគោលនយោបាយអភិឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នំា២០២៣- ២០២៨ រហូតត្រូវបានដាក់ផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃនេះ និងចូលរួមជំរុញសម្ទុះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាបានកាន់តែរស់រវើក។នេះបើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី«គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨»នៅថ្ងៃទី៤ខែតុលា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និង ផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក »។
លោកឧបនាយករដ្ឋមន្ត្រីលើកឡើថា ក្នុងរយៈពេល ២៥ ឆ្នាំ ចុងក្រោយនេះ, ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ នយោបាយឈ្នះ-ឈ្នះ, កម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង បានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ តាមរយៈការអនុវត្ត ប្រកបដោយជោគជ័យ នូវ យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ, ទាំងបួនដំណាក់កាល, ព្រមទាំងគោលនយោបាយ និង ផែនការយុទ្ធសាស្ត្រពាក់ព័ន្ធផ្សេងទៀត ។
លោក អូន ព័ន្ធមុនីរ័ត្ន សង្កត់ធ្ងន់ថា «ខ្ញុំសូមគូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ, មុតស្រួច និង ទាន់ពេល បានជំរុញឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រា ប្រមាណ ៧% ជាមធ្យម ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ មុនការ-មកដល់នៃជំងឺកូវីដ-១៩ ។ លើសពីនេះ, ជាមួយនឹងមូលដ្ឋានសង្គម-សេដ្ឋកិច្ចដ៏រឹងមាំ ប្រកប ដោយចីរភាព, បរិយាប័ន្ន, សមធម៌ និង ធន់នឹងវិបត្តិ, សេដ្ឋកិច្ចជាតិបាន និង កំពុងបន្តងើបឡើងវិញ បន្ទាប់ពីទទួលរងនូវការបង្អាក់ ដោយវិបត្តិជាសកលនៃជំងឺកូវីដ-១៩ និង ទោះបីជាកម្ពុជា ត្រូវបន្តជួបប្រឈមនឹងសភាពការណ៍សកល ដែលមានភាពមិនប្រាកដ-ប្រជាខ្ពស់ក៏ដោយ រួមមាន៖ ភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយ, ពិសេស សង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន, និង កំណើនយឺតនៃសេដ្ឋកិច្ចសកល, ព្រមទាំងការថមថយ នៃតម្រូវការនៅតាមបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ជាដើម »។
បើយោងតាមលោកឧបនាយករដ្ឋមន្ត្រី ថាសមិទ្ធផលទាំងនេះក៏បាន និង កំពុងជំរុញ និង លើកទឹកចិត្តដល់រាជរដ្ឋាភិបាល, ក្រោមការដឹកនាំប្រកបដោយជវភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក-រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និង សម្លឹងឆ្ពោះទៅមុខ ប្រកបដោយក្តីសង្ឃឹម, ភាពជឿជាក់ និង ឆន្ទៈមោះមុត ក្នុងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ៕អត្ថបទ៖សារេត