ឧកញ៉ា គួច ម៉េងលី ៖ កុំជំរុញកូនឱ្យរៀន​ផ្លោះថ្នាក់

Uncategorized

បច្ចុប្បន្ននេះឪពុកម្ដាយឬអ្នកអាណាព្យាបាលសិស្សមួយចំនួនកំពុងមានមោទនភាពជ្រុលនិយមនឹងរឿងជំរុញឱ្យកូនរបស់ខ្លួនរៀនផ្លោះថ្នាក់។ ជួនកាលកូនកំពុងរៀនថ្នាក់​ទី១០ ស្រាប់តែពួកគាត់ឱ្យកូនផ្លោះទៅរៀនថ្នាក់ទី១២។ ខ្ញុំហ៊ាននិយាយថា ទោះបីជាកូនពួក​គាត់រៀនពូកែក៏ដោយ នៅពេលពួកគេរៀនផ្លោះថ្នាក់បែបនេះ ប្រាកដជាប៉ះពាល់ដល់ការសិក្សាមិនខានទេ ដ្បិតអីការរៀនផ្លោះថ្នាក់នៅស្រុកខ្មែរយើងខុសពីការរៀនផ្លោះថ្នាក់នៅស្រុកគេ។ ខ្ញុំជឿថា ឪពុកម្ដាយមួយចំនួនជំរុញឱ្យកូនរៀនផ្លោះថ្នាក់ គឺដើម្បីឱ្យកូនរៀនឆាប់ចប់តែប៉ុណ្ណោះ។ បើជំរុញកូនឱ្យរៀនផ្លោះថ្នាក់ដើម្បីរៀនឆាប់ចប់បែបនេះ តើកូនលោកអ្នកមានចំណេះដឹងទូលំទូលាយក្នុងខ្លួនឬអត់? តើអាយុរបស់ពួកគេត្រឹមត្រូវតាមច្បាប់ក្រសួងអប់រំកំណត់ដែរឬទេ? តើការគិត វិភាគ ត្រិះរិះ ពិចារណា និងការថ្លឹងថ្លែងរបស់ពួកគេមានភាពចាស់ទុំឬអត់? គឺអត់ទេ! ព្រោះនៅស្រុកខ្មែរយើងបើរៀនផ្លោះថ្នាក់គឺផ្លោះហើយ ពោលសិស្សអត់អានសៀវភៅ ឬស្វ័យសិក្សានូវមុខវិជ្ជាដែលខ្លួនផ្លោះនោះទេ។ ដល់ពេលអ៊ីចឹងទៅ វាធ្វើឱ្យសិស្សរៀនផ្លោះថ្នាក់នោះបាត់បង់ពេលវេលា រៀនមិនទាន់គេ និងបាក់ទឹកចិត្តលែងចង់រៀនសូត្រក៏មានដែរ។ ថ្ងៃក្រោយ នៅពេលចេញរកស៊ីឬធ្វើការងារអ្វីមួយ ពួកគេពិបាកជោគជ័យខ្លាំងណាស់ វាប្រៀបដូចជាការយកស្វាយខ្ចីទៅបន្ទំអ៊ីចឹង វាពុំទុំល្អឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្រុកគេសិស្សរៀនផ្លោះថ្នាក់គ្មានការប៉ះពាល់ដល់ការសិក្សារៀនសូត្រឡើយ ព្រោះមុននឹងអនុញ្ញាតឱ្យសិស្សម្នាក់ណារៀនផ្លោះថ្នាក់ គឺគេធ្វើតេស្ដ IQ សិស្សនោះជាមុនសិន។ បើធ្វើតេស្ដទៅឃើញថាសិស្សនោះឆ្លាត ឬមានទេពកោសល្យពីធម្មជាតិពិតមែន ទើបគេអនុញ្ញាត​ឱ្យសិស្សនោះរៀនផ្លោះថ្នាក់។ ការរៀនផ្លោះថ្នាក់នៅស្រុកគេមិនដូចស្រុកខ្មែរយើងទេ​។ ពោល នៅស្រុកគេដ្បិតថារៀនផ្លោះថ្នាក់ពិតមែន តែគេតម្រូវឱ្យសិស្សអានសៀវភៅកម្រិតថ្នាក់ដែលគេផ្លោះនោះគ្រប់មុខវិជ្ជាទាំងអស់ ពុំមែនរំលងថ្នាក់រំលងសៀវភៅដូចនៅស្រុកខ្មែរយើងទេ។ ឧទាហរណ៍ នៅស្រុកគេនិស្សិតទូទៅរៀនថ្នាក់បរិញ្ញាបត្រ៤ឆ្នាំបាន​ចប់​ ប៉ុន្តែនិស្សិតដែលរៀនផ្លោះថ្នាក់នោះ គាត់រៀនតែមួយឆ្នាំចប់។ សៀវភៅមួយមុខវិជ្ជា គាត់​អានត្រឹមតែ១ម៉ោង ឬ២ម៉ោងចប់ ហើយគាត់អាចយល់ អាចចងចាំ និងអាចចាប់មេរៀនបានទាំងអស់ ជាពិសេសគាត់អាចប្រឡងបាននិទ្ទេសល្អជាងគេទៀតផងដែរ។ ជួនកាលគេមិនមែនផ្លោះថ្នាក់ទៀត ពោលគឺគេផ្លោះតែមុខវិជ្ជាដែលគេរៀនចាប់បានយ៉ាងលឿនតែប៉ុណ្ណោះ។ ម៉្លោះហើយទើបក្មេងស្រុកគេខ្លះអាយុត្រឹម៩ឆ្នាំចូលរៀនដល់​មហា​វិទ្យាល័យ ហើយអាយុ១៨ឆ្នាំរៀន​ចប់ក្លាយជាពេទ្យ។ ចុះខ្មែរយើងធ្វើដូចគេចឹងបាន​​ទេ? គឺមិនបានទេ ព្រោះយើងមិនទាន់មានអ្វីវាស់ស្ទង់ភាពឆ្លាតវៃរបស់សិស្សនៅឡើយទេ។ យើងមិនអាចគ្រាន់តែឃើញកូនរៀនលេចធ្លោជាងគេបន្តិចហើយគិតថាកូនពូកែ ឆ្លាតវៃ ឬមានទេពកោសល្យពីធម្មជាតិឡើយ។ គឺជួនកាលកូនយើងរៀនលេចធ្លោជាងគេក្នុងថ្នាក់ ដោយសារតែយើងមានលទ្ធភាពឱ្យគេទៅរៀនគួរបន្ថែម បូករួមប្រព័ន្ធអប់រំក្នុងសាលានោះខ្សោយ ហើយកូនយើងរៀនក្នុងចំណោមសិស្សខ្សោយជាងខ្លួនក៏អាចថាបាន។

ក្មេងខ្លះរៀនចេះមុខវិជ្ជាណាមួយច្បាស់ ហើយងប់នឹងរៀនសូត្រពិតមែន ប៉ុន្តែគេមិនមានចំណេះដឹងទូលំទូលាយទេ ព្រោះគេអានសៀវភៅឬឯកសារ​បានតិចតួចប៉ុណ្ណោះ។ ដូច្នេះ ប្រសិន​បើកូនរៀនពូកែ យើងឱ្យគាត់រៀនមុខវិជ្ជានោះតិចម៉ោងបានហើយ ហើយជំរុញឱ្យគាត់​យកពេលខ្លះទៅរៀនភាសាអង់គ្លេស ឬមុខវិជ្ជាអ្វីផ្សេង ពិសេសត្រូវជំរុញឱ្យគេ​អាន​សៀវ​ភៅ ឬឯកសារឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ខ្ញុំសូមទទូចម្ដងទៀតថា ដោយសារប្រព័ន្ធអប់រំស្រុកខ្មែរយើងមិនទាន់មានស្ដង់ដារអន្តរជាតិ ហើយយើងក៏មិនទាន់មានអ្វីវាស់ស្ទង់សមត្ថភាពសិស្ស ដូច្នេះយើងមិនអាចសន្មតថាកូនយើងរៀនឆ្លាត ឬរៀនពូកែបានឡើយ។ ម្ល៉ោះហើយ ប្រសិនបើយើងចេះតែជំរុញឱ្យកូនរៀនផ្លោះថ្នាក់ វានឹងធ្វើឱ្យប៉ះទង្គិចដល់ការសិក្សារបស់កូន គឺប៉ះពាល់ទាំងផ្នែកបញ្ញាញាណ ទាំងផ្នែកចំណេះដឹងទូទៅ និងទាំងផ្នែកផ្លូវចិត្តផងដែរ៕

ប្រភព៖ MJQUPTeam