សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មូលដ្ឋាននៃការអប់រំ ត្រូវពង្រឹងចាប់ពីថ្នាក់មូលដ្ឋាន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លៃងថា  មូលដ្ឋាននៃការអប់រំ គឺត្រូវពង្រឹងពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី ១២ ហើយបើពង្រឹងបាន នោះវិស័យអប់រំរបស់កម្ពុជា នឹងមានភាពរីកចម្រើន។សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអបអរទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ«គ្រូបង្រៀន ជាសសរស្តម្ភ នៃ​សាលា​រៀន​ឆ្ពោះ​ទៅ​រក​ឧត្តមភាព» នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ប្រសាសន៍ថា «បើចង់បាននិស្សិតមានគុណភាពរៀននៅតាមសាកលវិទ្យាល័យ ត្រូវពង្រឹងថ្នាក់បឋម ថ្នាក់ទី១២ បើគាត់មានមូលដ្ឋានរឹងមាំ នោះហើយជាគុណភាពនៅសាកលវិទ្យាល័យ»។

សម្តេចធិបតី បានបន្តថា វិស័យអប់រំដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ។

លើសពីនោះ សម្តេចធិបតី បានបញ្ចាក់ថា ចាប់​ពី​ពេល​នេះ​តទៅ​ត្រូវ​តែ​ធ្វើ​ការ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ ដោយគ្រូបង្រៀនត្រូវមានទាំងចំណេះដឹង គុណធម៌ និងសីលធម៌ ដែលជាគំរូ និង​ជា​មូលដ្ឋាន​គ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និង​យុវជន​ជំនាន់​ក្រោយៗ​ទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាល បាន​សម្រេច​ដំឡើងប្រាក់បៀវត្ស​​ឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ ដែលជាគរុសិស្សកំពុង​សិក្សា​ដោយ​អនុវត្ត​តាម​រូបមន្តបៀវត្សមូលដ្ឋាន បូកនឹង៧០ភាគរយបន្ថែម។ ការដំឡើងបៀវត្សឧបត្ថម្ភថ្មីនេះ បាន​ធ្វើ​ឱ្យបៀវត្សរបស់លោកគ្រូ-អ្នកគ្រូ ជាគរុសិស្សកំពុងសិក្សា ទាបបំផុត (កម្រិត គ)ចំនួន ៩៨​ម៉ឺន​រៀល​៕