លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA)) កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សារបស់សមាគម ទៅធ្វើការជួបសម្តែងការគួរសម និងអបអរសាទរ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដែលលោកស្រី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសជួបសម្តែងការគួរសមនេះដែរ លោកស្រីឧកញ៉ាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានធ្វើការជម្រាបជូនពីបច្ចុប្បន្នភាពទាក់ទងនឹងសកម្មភាពបានអនុវត្ត ក៏ដូចជាបញ្ហាប្រឈម ដែលសហគ្រិនស្រ្តីបានជួបប្រទះកន្លងមក និងបានពិភាក្សាសំណះសំណាល ក៏ដូចសុំការផ្តល់យោបល់ពីលោកស្រីរដ្ឋមន្ត្រី ដើម្បីពង្រឹង និងលើកទឹកចិត្តសហគ្រិនស្រ្តីបន្តទៅមុខទៀត។
លោកស្រីឧកញ៉ា កែវ មុំ ក៏បានថ្លែងអំណរគុណដល់ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាត និងទទួលស្វាគមន៍គណៈប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជាយ៉ាងកក់ក្តៅជាទីបំផុត។
គួរបញ្ជាក់ថា សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអង្គការសមាជិកមួយ ដែលបានបង្កើតឡើង នៅក្នុងឆ្នាំ២០១១ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ធនាគារពិភពលោក និងសហគ្រិនស្ត្រីកម្ពុជាចំនួន ១៤រូប។ សមាគមសហគ្រិនស្ត្រីកម្ពុជា មានគោលបំណងជួយគាំទ្រឱ្យស្ត្រីមានការរីកចម្រើនផ្នែកធុរកិច្ច តាមរយៈការផ្តល់ឱ្យស្ត្រីនូវវេទិកាធុរកិច្ច និងឱកាសរៀបចំបង្កើតបណ្តាញស្ត្រីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសហគ្រិនភាព សម្រាប់ស្ត្រីក្នុងប្រទេសកម្ពុជា៕