ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន២ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ១ បានដាក់ឱ្យធ្វើតេស្តសាកល្បងហោះហើរទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរលើកដំបូង។នេះបើតាមរដ្ឋលេខាធិការអាកាសចរស៊ីវិល នៅថ្ងៃទី០៥ ខែតុលានេះ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមានការចូលរួមពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះ គឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួន២ គឺ១) ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប, និង២) ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងមកកាន់ខេត្តសៀមរាប ព្រមទាំងជើងហោះហើរអន្តរជាតិចំនួន១ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ហោះចេញពីទីក្រុងគុនមីង ប្រទេសចិន មកកាន់ខេត្តសៀមរាប។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នេះ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨។នៅពេលដាក់ឱ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំផងដែរ៕