TikTok ទទួលរងការពិន័យធំបំផុត ជិត៣៧០លានដុល្លារ ពីសហភាពអឺរ៉ុប

អន្តរជាតិ

ក្រុមហ៊ុន TikTok បានរងការពិន័យធំសំបើមពីសហភាពអឺរ៉ុប ប្រមាណ ៣៤៥លានអឺរ៉ុប ឬប្រហែលជិត ៣៧០លានដុល្លារ បន្ទាប់ពីទទួលរងការចោទប្រកាន់ថា បានបំពានច្បាប់ឯកជនភាពសំខាន់របស់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីប្រកាសពីការផាកពិន័យលើ TikTok រាប់រយលានដុល្លារ គឺធ្វើឡើងនៅថ្ងៃទី០៥ ខែតុលានេះ ដោយគណៈកម្មការការពារទិន្នន័យអៀរឡង់ ទាក់ទងនឹងការផ្ដល់ទិន្នន័យរបស់​អ្នកប្រើប្រាស់ជាកុមារអាយុពី ១៣ឆ្នាំ ដល់១៧ឆ្នាំ។

នេះគឺជាការផាកពិន័យធំបំផុតដែលក្រុមហ៊ុន TikTok ធ្លាប់ជួបប្រទះ ប៉ុន្តែបើនិយាយពីការ​ផាកពិន័យ ក្រុមហ៊ុនចិនមួយនេះជួបច្រើនដងហើយ ពោលកាលពីដើមឆ្នាំនេះ ពួកគេត្រូវបានរដ្ឋាភិបាលអង់គ្លេសផាកពិន័យ ជាទឹកប្រាក់ប្រមាណ ១៦លានដុល្លារ ខណៈរដ្ឋាភិបាលហូឡង់​ក៏ធ្លាប់ពិន័យ TikTok ជិតមួយលានដុល្លារដូចគ្នា។

សូមជម្រាបដែរថា TikTok បានដាក់កំហិតហាមមិនឲ្យកុមារមានវ័យក្រោម ១៣ឆ្នាំអាចបង្កើតគណនីផ្ទាល់ខ្លួនឡើយ ហើយកាលពីត្រីមាសទីមួយ នៃឆ្នាំ២០២៣ ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ បានលុបចោលគណនីប្រហែល ១៧លានគណនី ដែលរកឃើញថា មានម្ចាស់ជាកុមារវ័យក្រោម ១៣ឆ្នាំ និងបានលុបចោល ៩១លានវីដេអូ ដែលបានធ្វើខុសពីគោលការណ៍ក្រុមហ៊ុន៕