អាមេរិកបញ្ជូនសព្វាវុធដែលរឹបអូសពីអ៊ីរ៉ង់ ផ្តល់ជាជំនួយជួយដល់អ៊ុយក្រែន

អន្តរជាតិ

យោធាអាមេរិកបាននិយាយកាលពីថ្ងៃពុធ ទី០៤ ខែតុលាថា សហរដ្ឋអាមេរិកបានធ្វើការបញ្ជូនអាវុធ និងគ្រាប់រំសេវប្រមាណជាង ១លានគ្រាប់ ដែលខ្លួនបានរឹបអូសពីអ៊ីរ៉ង់កាលពីឆ្នាំមុន ដើម្បីផ្តល់ជាជំនួយបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើយោងទៅតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលទទួលខុសត្រូវលើប្រតិបត្តិការយោធានៅតំបន់មជ្ឈិមបូព៌ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រំសេវដែលមានប្រវែង ៧,៦២ មីលីម៉ែត្រ និងមានចំនួនប្រមាណជាង ១,១លានគ្រាប់ ត្រូវបានបញ្ជូនទៅអ៊ុយក្រែនហើយ។

រំលឹកបន្តិចថា កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ កប៉ាល់កងទ័ពជើងទឹកអាមេរិកបានរឹបអូសយកនូវគ្រឿងអាវុធចេញពីនាវាមួយ ដែលត្រូវបានគេស្គាល់ថាជានាវាកងឆ្មាំបដិវត្តន៍អ៊ីស្លាមនៃប្រទេសអ៊ីរ៉ង់ ក្នុងទិសដៅដើម្បីដឹកជញ្ជូនអាវុធបំពាក់ដល់ក្រុមឧទ្ទាម Houthi ដែលកំពុងធ្វើសង្គ្រាមស៊ីវិលក្នុងប្រទេសយេម៉ែន ខណៈការដឹកជញ្ជូននេះត្រូវបានគេមើលឃើញថាជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សូមជម្រាបថា ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមវាយលុកចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏សំខាន់បំផុតរបស់ទីក្រុង Kyiv ដោយបានផ្តល់ជំនួយទាំងផ្នែកយោធា មនុស្សធម៌ និងសេដ្ឋកិច្ចសរុបជាង ១១៣ ពាន់លានដុល្លារឯណោះ៕