អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលកំពុងវិនិយោគលើវិស័យអប់រំមួយរូបច្រើនឆ្នាំមកហើយ បានថ្លែង ថាការកែទម្រង់វិស័យអប់រំនៅកម្ពុជានឹងមិនអាចទៅរួចនោះទេ ប្រសិនមិនមានការបង្កើតច្បាប់តឹងរ៉ឹង។ ការ លើកឡើងនេះស្របពេលកម្ពុជាបានប្រារព្ធអបអសាទរទិវាគ្រូបង្រៀននៅថ្ងៃទី៥តុលានេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមរយៈបណ្តាញសង្គមតេឡេក្រាម អ្នកឧកញ៉ា គួច ម៉េងលីថា ការកែទម្រង់វិស័យអប់រំនៅកម្ពុជានឹងមិនអាចទៅរួចនោះទេប្រសិនមិនបានគិតទៅលើ៣ចំណុចធំៗ។ ទី១ លោកគ្រូ-អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ក្នុងការបង្រៀនជាក់ស្ដែង ដោយបង្រៀនអស់ពីចិត្តពីកាយ ប្រកបដោយគរុកោសល្យច្បាស់លាស់ ព្រមទាំងតាមសាលានីមួយៗត្រូវមានគ្រូគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលកូនខ្មែរ។ ២ ការបង្រៀនគួរក្រៅម៉ោងរបស់លោកគ្រូ-អ្នកគ្រូ ធ្វើឱ្យសិស្សដែលគ្មានលទ្ធភាពមិនបានចូលរៀន ចំណែកឯសិស្សកូនអ្នកមាន បានចូលរៀន ដែលបណ្ដាលឱ្យការប្រឡងមានជាប់ មានធ្លាក់មិនយុត្តិធម៌។ និងទី៣ ធ្វើឱ្យឪពុកម្ដាយមួយចំនួនមានការលំបាកក្នុងការឧបត្តម្ភឱ្យកូនរៀនគួរ។
អ្នកឧកញ៉ាលើកឡើងបន្តថា ការបង្រៀនគួរក្រៅម៉ោងនេះគឺវាបាននាំយកមកនូវវប្បធម៌បែងចែកវណ្ណៈ រវាងសិស្សនិងសិស្សនៅក្នុងសាលានិងសង្គម។ ភាពខ្វះខាតក្នុងការឧបត្តម្ភដល់កូនសិក្សារៀនសូត្រ ធ្វើឱ្យឪពុកម្ដាយមួយចំនួនចំណាកស្រុក ដើម្បីរកលុយឱ្យកូនរៀន។ ចំណែកឯសិស្សដែលមានឪពុកម្ដាយជាអ្នកមានទ្រព្យ គឺមិនមានការភ័យព្រួយឡើយចំពោះបញ្ហាប្រឈមក្នុងការរៀនសូត្រដូចជា ប្រាក់បង់ថ្លៃគួរ ទិញសម្ភារៈសិក្សា ហ្វាយៗ គ្រឿងអេឡិចត្រូនិចដែលជាកត្តាលីករជំរុញការសិក្សា។
បើតាមអ្នកឧកញ៉ា ត្រូវតែបញ្ឈប់ជាបន្ទាន់នៅការបង្រៀនគួរ ហើយងាកមករៀនបំប៉នជាភាសាអង់គ្លេស ចិន កំព្យូទ័រវិញ ដើម្បីដើរឱ្យទាន់សម័យឧស្សាហកម្ម ៤.០។ ជាដំណោះស្រាយក្នុងការបញ្ឈប់វប្បធម៌រៀនគួរយកលុយសិស្សនេះ អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា ១, តម្លើងប្រាក់ខែគ្រូឱ្យបានសមរម្យ ដើម្បីឱ្យគ្រូអាចរស់នៅបានស្របទៅតាមអតិផរណា។ ២, បង្កើតច្បាប់ជាកំហិត មិនឱ្យមានការបង្រៀនគួរ ដោយឱ្យគ្រូទាំងអស់បង្រៀនសិស្សអស់ពីសមត្ថភាព និងប្រកបដោយគុណភាពក្នុងថ្នាក់រៀន។ ៣, បណ្ដុះគ្រូឱ្យបានច្រើន ពោរពេញដោយសមត្ថភាពនិងគរុកោសល្យច្បាស់លាស់។
អ្នកឧកញ៉ាបន្ថែមទៀតថា គោលការណ៍ទាំងបីខាងលើ អាចប្រព្រឹត្តទៅបានលុះត្រាតែ យើងទាំងអស់គ្នាសមូហភាពគ្នាធ្វើ ក្នុងនាមជាអ្នកស្នេហាជាតិ កសាងជាតិ និងពង្រឹងគុណភាពក្នុងវិស័យអប់រំ ក្នុងបំណងបណ្ដុះបណ្ដាលធនធានមនុស្សទៅថ្ងៃក្រោយឱ្យបានល្អ៕
អត្ថបទ៖ សុកធា