ឧកញ៉ា ឃន ឈុនដារ៉ា ធ្វើពិធីឡើងភោជនីយដ្ឋានថ្មីបែបជប៉ុនប្រណិតទី៣

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ឃន ឈុនដារ៉ា ស្ថាបនិក​ក្រុមហ៊ុន KOI Thé Cambodia ​និង​ភរិយា​របស់​លោក​គឺ អ្នកស្រី តាំង គីមហៀង ​​កាលពី​ថ្ងៃទី៥ ខែតុលា ម្សិលមិញ​នេះ​ ​​បាន​ធ្វើ​ពិធី​សូត្រមន្ត​​ប្រោះព្រំ​លើក​រាសី​ឡើង​ភោជនីយដ្ឋាន​ថ្មី​ ទំនើប​បែប​ជប៉ុន​ទី៣ ​​មាន​ឈ្មោះ​ថា «ឃីយ៉ូ សាប៊ូ» (KYŌ Shabu)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​លើកឡើង​លើ​ទំព័រហ្វេសប៊ុក​ថា នេះជាការសូត្រមន្តប្រោះព្រំ លើករាសីឡើង​ភោជនីយដ្ឋាន​ថ្មី​របស់​លោក​ឈ្មោះ “ឃីយ៉ូ សាប៊ូ” ជាភោជនីយដ្ឋានជប៉ុនបែបប្រណិតទី ៣ របស់​លោក​ បន្ទាប់​ពីទទួលបានការ​គាំទ្រ​យ៉ាងច្រើនពីអតិថិជនមកលើ​ហាង​ទី​១ ឃីយ៉ូ អូម៉ាកាសេ (KYŌ Omakase) និងហាងទី២ ឃីយ៉ូ វ៉ាហ្ង៉ាយូ។

ហាង​ថ្មី​ ឃីយ៉ូ សាប៊ូ នេះ ស្ថិតនៅសង្កាត់​បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាម​ការ​បញ្ជាក់​បន្ថែម​ពី​ឧកញ៉ា ឃន ឈុនដារ៉ា​ ហាង​ថ្មី​នេះ​នឹង​មាន​ ស៊ុបសាប៊ូ និងស៊ុបស៊ូគីយ៉ាគី ឆ្ងាញ់ៗ ដែលសម្រិត​សម្រាំងឡើង​ដោយដៃ ឯកអគ្គចុងភៅ Kentaro Katsumata ក្នុងហាង ដែលមានការតុបតែង ស្អាត ប្លែក ទំនើប ស៊ីវីល័យ និងបរិយាកាសបែបជប៉ុន ពោរពេញដោយផាសុខភាព។

គួរបញ្ជាក់​ថា ពាក្យ «ឃីយ៉ូ (KYŌ)»​ មានន័យថា ​អារម្មណ៍បែប​ សប្បាយរីករាយ កម្សាន្ដ​ ជប់លៀង​ និងអធិក​អធម។ ចំពោះ​ហាង ​KYŌ Omakase ​​កន្លង​មក ក៏​ធ្លាប់​មាន​អ្នកឧកញ៉ា​លំដាប់​មហាសេដ្ឋី​នៅ​ស្រុកខ្មែរ​ជា​ច្រើន​រូប ធ្លាប់​អញ្ជើញ​ទៅ​ពិសារ​អាហារ​នៅ​ទីនោះ​ផងដែរ៕