ពូទីនថា រុស្ស៊ីព្យាយាមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន តែលោកខាងលិចបែរជាខំអុជភ្លើងថែម

អន្តរជាតិ

សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយពេលអស់រយៈពេលប្រហែល ២០ខែហើយ ខណៈថ្មីៗនេះប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ី​កំពុង​ព្យាយាមបញ្ចប់សង្គ្រាម ប៉ុន្តែលោកខាងលិចទៅវិញទេ ដែលខំអុជភ្លើងថែមនៅក្នុងសង្គ្រាមមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ពួកយើងមិនបានចាប់ផ្ដើមនូវអ្វីដែល ពួកគេ (លោកខាងលិច) ហៅថា សង្គ្រាមនៅអ៊ុយក្រែនឡើយ ផ្ទុយទៅវិញពួកយើងកំពុងព្យាយាមបញ្ចប់វា។ លោកខាងលិចទៅវិញទេ ដែលជាដើមចមនៃការកកើតសង្គ្រាម ព្រោះអាមេរិកតាំងខ្លួនជា​មេដឹកនាំកំពូល និងមានតែពួកគេប៉ុណ្ណោះដែលស្គាល់ច្បាស់ពីភាពខុសត្រូវនៅលើលោក”។ នេះបើតាមសម្ដីរបស់មេដឹកនាំរុស្ស៊ីបាននិយាយ។

ជាមួយគ្នានោះ លោក ពូទីន ថែមទាំងសង្កត់ធ្ងន់ថា លោកខាងលិចកំពុងបាត់បង់ម្ចាស់ការ ព្រោះតែមានការបញ្ឆេះគំនិតពីអាមេរិក និងបានចោទសួរថា តើអាមេរិកមានសិទ្ធអី ដែលចេះតែលូកដៃនៅក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសដទៃបែបនេះ ខណៈប្រធានាធិបតីរុស្ស៊ីបញ្ជាក់ទៀតថា រុស្ស៊ីមិនគាំទ្រអំពើបែបនេះឡើយ ហើយត្រូវតែប្រឆាំងដាច់ខាត។

សូមជម្រាបដែរថា ភ្លើងសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្តឆាបឆេះ និងមិនទាន់មានសញ្ញាណរលត់​ឆាប់ៗឡើយ ខណៈពិភពលោកកំពុងទទូចសុំឲ្យមានការដោះស្រាយជុំវិញបញ្ហានេះ ឲ្យបានឆាប់រហ័ស ដ្បិតវាបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់ កំណើនសេដ្ឋកិច្ចសកល៕