ឧកញ៉ា តែ តាំងប៉ បានដឹកនាំរៀបចំសិក្ខាសាលាដល់សមាជិក FASMEC ក្នុងខេត្តបន្ទាយមានជ័យ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត ព្រមទាំងដៃគូសហការ និងសមាជិក FASMEC ប្រមាណ១៥០រូបផងដែរ។

បើតាម FASMEC គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ ដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេរត្តនៅមានចំណុចខ្វះខាត និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីបទបញ្ញាតនានា។

សូមជម្រាបថា កន្លងមក សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) តែងតែរៀបចំរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តមួយចំនួន ដើម្បីជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម។

FASMEC គឺជាសម្ព័ន្ធដែលចងក្រងឡើង ដោយបណ្តុំសមាគម និង សហគ្រាសធុនតូច មធ្យមនៅកម្ពុជា ដែល បានបង្កើតឡើង និងចុះបញ្ជីអនុញ្ញាតពីក្រសួងមហាផ្ទៃ ឆ្នាំ២០១០។ ទស្សនវិស័យរបស់ FASMEC គឺផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាទៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ។បេសកម្មចម្បងរបស់ FASMEC គឺធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាមានការប្រមូលផ្តុំគ្នា និងសហការគ្នា ដើម្បីឱ្យគុណភាពផលិតផលប្រទេសកម្ពុជាមានការទទួលស្គាល់ជាលក្ខណអន្តរជាតិ។ លើសពីនេះ ក៏ជួយសម្របសម្រួលបរិយាកាសពាណិជ្ជកម្ម បង្កើតវគ្គបណ្តុះបណ្តាល បង្កើនផលិតភាព ការច្នៃប្រឌិត និងការប្រកួតប្រជែង ដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូចនិងមធ្យមផងដែរ៕