សម្តេច ហ៊ុន ម៉ាណែត ប្តេជ្ញាធ្វើឱ្យសាលារដ្ឋទាំងអស់ ក្លាយជាសាលារៀនល្អ អាចទទួលយកបាន​នៅមូលដ្ឋាន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាថា នឹងពង្រឹងសាលារដ្ឋទាំងអស់ ឱ្យក្លាយជាសាលាដែលខ្លាំង រឹងមាំ និងជាសាលារៀនល្អ អាចទទួលបាននៅមូលដ្ឋាន។សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួម ក្នុងទិវាគ្រូបង្រៀនលើកទី២៦ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងអាណត្តិនៃការដឹកនាំរបស់សម្តេច មួយឬពីរអាណត្តិនេះ គឺធ្វើម៉េចពង្រឹងគ្រប់សាលាទាំងអស់ជាជំហ៊ាន ពិសេសសាលារដ្ឋ ឱ្យខ្លាំង រឹងមាំ ដើម្បីជាមូលដ្ឋានអាចបណ្តុះបណ្តាលទាំងសមត្ថភាព និងឥរិយាបទ។

សម្តេបានបន្តថា៖«គឺយើងចង់ឱ្យសាលារដ្ឋទាំងអស់ ក្លាយជាសាលារៀនល្អ សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដោយមិនចាំបាច់មានកូនចៅ ប្រជាពលរដ្ឋវេចបង្វេចពីស្រុកមួយទៅស្រុកមួយ ទៅរៀនសាលាមួយទៀត ព្រោះគ្រប់សាលាទាំងអស់ សាលារដ្ឋរបស់យើងចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ ក្លាយជាសាលាល្អអាចទទួលបាន​នៅមូលដ្ឋាន»។

ស្រប់ជាមួយគ្នានេះ សម្តេចក៏បានសង្កត់ធ្ងន់ដែរថា ជាគោលដៅរបស់រាជរដ្ឋាភិបាលនៅអាណាត្តិទី៧នេះ គឺត្រូវពង្រឹកវិស័យអប់រំ ជាជាងពង្រីក តាមរយៈការធ្វើឱ្យការអប់រំ នៅសាលារដ្ឋមានគុណភាព ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានសមត្ថភាព គុណធម៌ សីលធម៌ និងវិន័យឱ្យបានល្អ៕ អត្ថបទ៖ ពិសី