ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅវៀតណាមយ៉ាងយូរខែក្រោយ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម នាចុងខែតុលានេះ ឬអាចអូសបន្លាយដល់ដើមខែវិច្ឆិកាខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិន គេអាចដឹងថាបាន វៀតណាម​កំពុងក្លាយជា​គោលដៅសំខាន់ ដែលមហាអំណាចសេដ្ឋកិច្ចពិភពលោកកំពុងសម្លឹងឃើញ ពោល​ដំណើរទស្សនកិច្ចរបស់​លោក ស៊ី គឺធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទើបបំពេញទស្សនកិច្ចនៅវៀតណាម កាលពីខែមុន។

ជាមួយគ្នានោះ ប្រភពជិតស្និទ្ធជាមួយបញ្ហានេះបានបង្ហើបថា ភាគីចិន និងវៀតណាម អាចនឹង​ចេញសេចក្ដីថ្លែងការណ៍រួមមួយ ខណៈមានក្ដីរំពឹងថា កិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង ២ ក៏នឹងត្រូវលើកមកជជែកគ្នា អំឡុងពេលបំពេញទស្សនកិច្ចរបស់មេដឹកនាំកំពូល​ចិនផងដែរ។

បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម និងចិនកំពុងមមាញឹក ក្នុងការរៀបចំបដិសណ្ឋារកិច្ច ត្រៀមទទួលគណៈប្រតិភូចិន សម្រាប់ការមកបំពេញទស្សនកិច្ចនៅវៀតណាម ដោយ​ពួកគេ​កំពុង​រកកក់បន្ទប់សណ្ឋាគារ ៨០០បន្ទប់ នៅរដ្ឋធានីប្រទេសវៀតណាម។

សូមជម្រាបដែរថា ប្រទេសចិនគឺជាវិនិយោគិនកំពូលរបស់វៀតណាម ដោយត្រឹមរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ពួកគេចាយលុយជិត ៣ពាន់លានដុល្លារ ក្នុងការវិនិយោគនៅវៀតណាម ច្រើនជាងសហរដ្ឋអាមេរិក រហូតដល់ ៦ដងឯណោះ៕