កម្ពុជា-អ៊ីតាលី បានធ្វើការឯកភាពគ្នាក្នុងការលើកទឹកចិត្តដល់វិស័យឯកជនជាពិសេសសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីបើកផ្លូវឱ្យវិស័យឯកជនទាំងសងខាងធ្វើការជិតស្និទ្ធ និងស្វែងយល់អំពីតម្រូវការទៅវិញទៅមក សំដៅបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត។
ការឯកភាពរបស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក VALENTINO VALENTINI អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងការផលិតនៅអ៊ីតាលី នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ លោកស្រី តឹករ៉េត កំរង ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់បរិយាកាសវិនិយោគជូនវិស័យឯកជន តាមរយៈការដាក់ឱ្យប្រើច្បាប់វិនិយោគថ្មី និងការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជារៀងរាល់ឆ្នាំ ដើម្បីទទួលយកសំណូមពរ សិក្សាបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម។
បន្ថែមពីនោះ លោកស្រី បានលើកទឹកចិត្តដល់ធុរជននិងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគនិងពាណិជ្ជកម្មលើវិស័យសក្តានុពលរបស់កម្ពុជារួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម កង់ វាយនភណ្ឌ និងគ្រឿងអេឡិចត្រូនិចជាដើម។
ជាការឆ្លើយតប VALENTINO VALENTINI បានបញ្ជាក់ថា វិស័យឯកជនអ៊ីតាលីកំពុងស្វែងរកកិច្ចសហការនិងពិនិត្យលទ្ធភាពចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាលើវិស័យសេដ្ឋកិច្ចឌីជីថល សេវាសន្តិសុខអ៊ីនធឺណេត និងយានយន្ត។លើសពីនោះ គណៈប្រតិភូអ៊ីតាលីដែលមានទាំងថា្នក់ដឹកនាំស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនិងការធ្វើធុរកិច្ចនៅកម្ពុជាផងដែរ។
ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពក្នុងការលើកទឹកចិត្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងវិស័យឯកជនជាពិសេសសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីបើកផ្លូវឱ្យវិស័យឯកជនទាំងសងខាងធ្វើការជិតស្និទ្ធនិងស្វែងយល់អំពីតម្រូវការទៅវិញទៅមក សំដៅបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យដល់គោលដៅដែលភាគីទាំងពីរចង់បាន នាពេលអនាគត។
សូមជម្រាបថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអ៊ីតាលីក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ៤៤៥ លានដុល្លារ បានកើនឡើងប្រមាណ ៣៣,៣៩% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ក្នុងនោះ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា សម្លៀកបំពាក់ ស្បែកជើង ធញ្ញជាតិ វត្ថុធ្វើពីដែក និងកៅស៊ូជាដើម រីឯកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនឬបរិធាន ក្រណាត់ប៉ាក់ ឱសថ និងទំនិញដទៃទៀត៕