រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa គ្រោងនឹងមកធ្វើទស្សនកិច្ចនៅប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ដូចជាព្រុយណេ វៀតណាម ឡាវ និងថៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែតុលា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ក្នុងដំណើរទស្សនកិច្ចដែលគ្រោងទុកនេះ លោកស្រី Kamikawa នឹងជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដូចជា រដ្ឋមន្ត្រីក្រសួងការបរទេសព្រុយណេ លោក Erywan bin Yusof រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith រួមទាំងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Parnpree Bahiddha-nukara។
ដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ាននេះផងដែរ លោកស្រី Kamikawa នឹងបញ្ជាក់ថាជប៉ុន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនីមួយៗ ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្លាប់អន្តរជាតិដោយសេរី និងបើកចំហរ ដោយផ្នែកទៅលើនីតិរដ្ឋ ធ្វើឱ្យទំនាក់ទំនងទ្វេភាគី កាន់តែមានភាពស៊ីជម្រៅ លើវិស័យធំទូលាយ ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក្នុងតំបន់ និងអន្តរជាតិ៕