កិច្ចព្រមព្រៀងលក់ភាគហ៊ុនរវាងក្រុមហ៊ុនរថយន្តអគ្គិសនី China Evergrande New Energy Vehicle Group ជាមួយក្រុមហ៊ុន NWTN ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ តម្លៃប្រហែល ៥០០លានដុល្លារ ត្រូវបានផ្អាកបណ្ដោះអាសន្ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រភពដដែលបន្ថែមថា ជុំវិញហេតុផលការជួញដូរដ៏ធំសំបើមនេះ គឺដោយសារមានការសង្ស័យចំពោះភាពមិនច្បាស់លាស់មួយចំនួន ដែលក្រុមហ៊ុនមេ Evergrande កំពុងជួបប្រទះ។
ជាការពិត មួយរយៈចុងក្រោយនេះ Evergrande កំពុងជួបរឿងស្មុគស្មាញជាច្រើន ពោលប្រធានក្រុមហ៊ុន មហាសេដ្ឋី Hui Ka Yan កំពុងស្ថិតក្រោមការស៊ើបអង្កេតពីក្រុមប៉ូលិស ខណៈផែនការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន ក៏កំពុងរាំងស្ទះថែមទៀត។
សូមជម្រាបដែរថា កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ Evergrande បានបញ្ជាក់ថា ពួកគេបានលក់ភាគហ៊ុន ៦,១៨ពាន់លានហ៊ុន ទៅកាន់ក្រុមហ៊ុន NWTN ក្នុងទំហំទឹកប្រាក់ ៣,៨៩ពាន់លានដុល្លារហុងកុង ឬប្រមាណជិត ៥០០លានដុល្លារ៕