ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន ទៅលើទឹកដីប្រទេសអ៊ីស្រាអែល ចេញពីតំបន់កាហ្សាស្រ្ទីព ដែលខ្លួនបានកាន់កាប់ ដោយបានសម្លាប់ជនស៊ីវិល និងចាប់ធ្វើជាចំណាប់ខ្មាំងជាច្រើននាក់។
ជុំវិញការវាយប្រហារនេះ ហាក់កាន់តែធ្វើឱ្យកើនឡើងកម្តៅបន្ថែមទៀត នៅក្នុងបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គិតក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេសគឺការបង្កឡើងដោយក្រុម Hamas នេះតែម្តង។
Hamas គឺជាក្រុមអ៊ីស្លាមនិយម ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងដោយអ៊ីរ៉ង់ ដូចជាផ្តល់មូលនិធិ ផ្តល់អាវុធ និងការបណ្តុះបណ្តាលផ្សេងៗ ខណ:ក្រុមនេះ ត្រូវបានអ៊ីស្រាអែល សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ក៏ដូចប្រទេសមហាអំណាចផ្សេងទៀត ចាត់ទុកថាជាក្រុមភេរវករដ៏ធំបំផុតមួយ។
បង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៨៧ អំឡុងព្រឹត្តិការណ៍បះបោររបស់ជនជាតិប៉ាឡេស្ទីន ក្រុម Hamas បានធ្វើការប្តេជ្ញាចិត្តតស៊ូប្រឆាំងដាច់ខាតទៅនឹងការត្រួតត្រារបស់អ៊ីស្រាអែល ចាប់តាំងពីខ្លួនបានកាន់អំណាច នៅតំបន់កាហ្សាស្រ្ទីព ក្នុងឆ្នាំ ២០០៧ មក ក្រោយធ្វើការសង្គ្រាមស៊ីវិលរយ:ពេលខ្លី ជាមួយក្រុម Fatah ដែលកាន់កាប់នៅតំបន់ប៉ាឡេស្ទីនមួយទៀត ឈ្មោះ West Bank ដឹកនាំដោយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និងជាប្រធានអង្គការរំដោះប៉ាឡេស្ទីន (PLO) ផងដែរ។
ចាប់តាំងពីកាន់កាប់តំបន់នេះមក ភាពតានតឹងរវាងអ៊ីស្រាអែល បានកើនឡើងឥតឈប់ឈរ ដែលជារឿយៗពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុម Hamas ពីតំបន់កាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែល និងការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែល និងការទម្លាក់គ្រាប់បែក មកលើតំបន់កាហ្សាវិញ។
ក្រុម Hamas បានបដិសេធមិនដែលទទួលស្គាល់រដ្ឋអ៊ីស្រាអែលម្តងណានោះឡើយ ហើយបានប្រឆាំងយ៉ាងហឹង្សាទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងអូស្លូ ដែលត្រូវបានចរចាដោយអ៊ីស្រាអែល និង PLO នៅអំឡុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ ។
គួរឱ្យដឹងថា Hamas គឺជាផ្នែកមួយនៃសម្ព័ន្ធភាពក្នុងតំបន់ ដែលរួមមានអ៊ីរ៉ង់ ស៊ីរី និងក្រុមអ៊ីស្លាមនិកាយស៊ីអ៊ីត Hezbollah ស្ថិតនៅក្នុងប្រទេសលីបង់ ដែលក្រុមទាំងនេះ សុទ្ធសឹងតែប្រឆាំងទៅនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា និងអ៊ីស្រាអែល។
ជម្រាបជូនផងដែរថា ដោយមានមូលដ្ឋានកាន់អំណាចស្ថិតនៅក្នុងតំបន់កាហ្សា ក្រុម Hamas មានអ្នកគាំទ្រខ្លួនជាច្រើន នៅទូទាំងទឹកដីប៉ាឡេស្ទីន ខណ:ក្រុមនេះ ក៏មានបណ្តាញមេដឹកនាំ នៅពាសពេញប្រទេសនៅតំបន់មជ្ឈិមបូព៌ា រួមទាំងនៅប្រទេសកាតាផងដែរ៕