លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY យល់ឃើញថា ជាទូទៅវិស័យអចលនទ្រព្យតែងរីកលូតលាស់ឡើងវិញ បន្ទាប់ពីមានការថមថយ ហើយសម្រាប់អ្នកដែលស៊ូទ្រាំក្នុងវិស័យនេះ នឹងទទួលបានផលចំណេញជាទីគាប់ចិត្តវិញមិនខាន នាពេលអនាគត។
លោកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីរសៀលថ្ងៃចន្ទម្សិលមិញថា រាល់ពេលវេលាដែលវិស័យអចលនវត្ថុមានភាពថមថយ អ្នកស៊ីអចលនវត្ថុមួយចំនួន តែងរអ៊ូរទាំ ឬបន្ទោសបង្អាប់វិស័យអចលនវត្ថុ ប៉ុន្តែនៅពេលវិស័យអចលនវត្ថុមានសកម្មភាពរីកលូតលាស់ អ្នករកស៊ីអចលនវត្ថុទាំងនោះមានជីវភាពធូរធារមានបាន ដោយសារតែការរីកចម្រើននៃវិស័យនេះ។
អ្នកជំនាញអចលនវត្ថុនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល KW SAM SN បានបន្ថែមថា ជាទូទៅវិស័យអចលនវត្ថុតែងមានការីកលូតលាស់រស់រវើកបន្តទៀត បន្ទាប់ពីមានការថមថយ។ អ្នកដែលមានភាពអត់ធ្មត់ ម៉ឺងម៉ាត់ ស៊ូទ្រាំក្នុងវិស័យនេះ នឹងកាក់គាប់ទទួលបានផលចំណេញជាទីគាប់ចិត្ត នៅពេលដែលវិស័យអចលនវត្ថុនេះមានការរីកលូតលាស់ម្តងទៀត។
សូមជម្រាបថា វិស័យអចលនទ្រព្យកម្ពុជា ត្រូវបានអ្នកជំនាញជាច្រើនយល់ថា មានការថមថយយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គិតចាប់តាំងពីការផ្ទុះឡើងជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ហើយរហូតមកដល់ឆ្នាំ២០២៣នេះ ក៏នៅតែមិនទាន់មានសន្ទុះខ្លាំងឡើងវិញនោះដែរ។ លោកឧកញ៉ា គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia បានលើកឡើងថ្មីៗកន្លងទៅនេះថា ជារួមវិស័យអចលនទ្រព្យកម្ពុជា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ នៅបន្តស្ងប់ស្ងាត់នៅឡើយ ទាំងដីឡូត៍ បុរី ខុនដូ និងការលក់អចលនទ្រព្យលើកទី២។ ទោះយ៉ាងណា លោកឧកញ៉ា គិតថាបើធៀបនឹងឆ្នាំ២០២០, ២០២១ និង២០២២ នៅឆ្នាំ២០២៣នេះ វិស័យមួយនេះមានលក្ខណៈល្អប្រសើរបណ្តើរៗឡើងវិញហើយ៕