ប្រាក់ចំណេញប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុន Samsung Electronics ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៨០% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែរងផលប៉ះពាល់ដោយការធ្លាក់ចុះជាបន្តនៃវិបត្តិបន្ទះឈីបពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពលោក បានបង្ហាថា នឹងប្រកាសអំពីលទ្ធផលនៃប្រាក់ចំណូលបឋមប្រចាំត្រីមាសទីបីរបស់ខ្លួន នៅថ្ងៃពុធខាងមុខនេះ។
ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន Samsung ទំនងជាអាចធ្លាក់ចុះដល់ ២,១ទី្រលានវ៉ុន (១,៥៦ ពាន់លានដុល្លារ) នៅក្នុងត្រីមាស ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា បើធៀបទៅនឹងប្រាក់ចំណេញខ្លួនធ្លាប់ទទួលបាន ១០,៨៥ទ្រីលានវ៉ុន ក្នុងត្រីមាសដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវ LSEG SmartEstimate ។
ក្រុមហ៊ុនអ្នកវិភាគ បានបង្ហាញឱ្យដឹងថា ការធ្លាក់ចុះនេះ គឺបណ្តាលមកពីបញ្ហាប្រឈមដែលកំពុងបន្ត ដោយសារតែវិបត្តិបន្ទះឈីបជាសកល រួមទាំងបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ផងដែរ។
ទន្ទឹមនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន និងកុំព្យូទ័រយូរដៃជាច្រើន បាននឹងកំពុងបដិសេធមិនទិញបន្ទះឈីបអង្គចងចាំថ្មី ដោយបានជ្រើសរើសយកការប្រើប្រាស់សារពើភ័ណ្ឌ ដែលមានស្រាប់របស់ពួកគេ អស់រយ:ពេលជាច្រើនខែមកនេះ ដោយសារមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច៕