ប្រទេសជប៉ុន នឹងធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលនៃក្រុមប្រទេស G7 នាថ្ងៃទី១២ ខែតុលា ដើម្បីជជែកគ្នាពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងស្ថានភាពសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
“សម្រាប់កិច្ចប្រជុំមេដឹកនាំផ្នែកហិរញ្ញវត្ថុនៃក្រុម G7 ដែលមានជប៉ុនជាប្រធាន ពួកយើងចង់ផ្ដោតលើបញ្ហាសំខាន់ៗមួយចំនួនដូចជា ការផ្ដល់ជំនួយទៅកាន់អ៊ុយក្រែន ក៏ដូចជាជជែកពីស្ថានភាពហិរញ្ញវត្ថុសកលលោកផងដែរ ហើយយើងសង្ឃឹមថា នឹងបានផ្លែផ្កាល្អច្រើន”។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន Shunichi Suzuki។
គួររំលឹកដែរថា កិច្ចប្រជុំមួយនោះ នឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំផ្លូវការ G20 អំឡុងពេលសមាជិកទាំងនោះ ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF នៅប្រទេសម៉ារ៉ុក៕