សម្តេច ហ៊ុន ម៉ាណែត បង្ហាញយុទ្ធសាស្ត្រអាទិភាពចំនួន៥ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមិនថា «ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធសុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងជាគោលដៅអាទិភាពរបស់ រាជរដ្ឋាភិបាលទាំងក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧នេះ។ទន្ទឹមគ្នានេះ សម្តេចក៏បានបង្ហាញយុទ្ធសាស្ត្រអាទិភាពចំនួន៥ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាបន្ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្តេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលខិតខំយកអស់ កម្លាំងកាយចិត្តក្នុងការយកចិត្តទុកដាក់ គិតគូរធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ឆ្នាំ២០២៣។ហេតុនេះ ដើម្បីជំរុញការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្ត្រ ៥ ចំណុច។

សម្តេចបន្តថា យុទ្ធសាស្រ្តទី១៖ កំណត់ កែសម្រួល និងរៀបចំយន្តការ ដែលបង្កលក្ខណៈងាយស្រួលដើម្បីឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រឹងយន្តការគ្រប់គ្រង និងភាពប្រទាក់ក្រឡារវាងវិធានការដែលត្រូវអនុវត្តដោយ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្ត និងការកែសម្រួល នីតិវិធីឱ្យបានជាអតិបរមា។ 

ទី២. រាជរដ្ឋាភិបាលនឹងកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព ឱ្យបានជាអតិបរមា, បញ្ចៀសនូវការបង្កើតបទដ្ឋានគតិយុត្តច្រើន និងធានានូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការប្រកបមុខរបរ និងធ្វើការងារ។ 

ទី៣. ផ្ដល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបាន ឈានចូលក្នុងប្រព័ន្ធ ៖ រាជរដ្ឋាភិបាល នឹងពង្រីក និង ពង្រឹងវិសាលភាពនៃមូលនិធិសមធម៌សុខាភិបាល ព្រមទាំងផ្ដល់ការគាំទ្រផ្នែកសុវត្ថិភាពការងារ សំដៅធានាផ្ដល់នូវការគាំពារសុខភាព ដល់ក្រុមអាទិភាព ដើម្បីឱ្យមានលទ្ធភាពនិងអាចរស់នៅក្នុងប្រព័ន្ធ ក្នុងកម្រិតជីវភាពមួយសមរម្យនិងមិនធ្លាក់ចូល ទៅក្នុងភាពក្រីក្រ ឬទទួលរងហានិភ័យខាងជីវភាព។ 

ទី៤. រាជរដ្ឋាភិបាល នឹងលើកកម្ពស់គុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈនិងការគាំទ្រផ្សេងៗ ការពង្រឹងការបណ្តុះបណ្តាល ជំនាញ, ការបង្កើតលទ្ធភាពស្វែងរកទីផ្សារជាដើម… ក្នុងគោលដៅជំរុញឱ្យអ្នកដែលបានឈានចូល ក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ 

និងទី៥. រាជរដ្ឋាភិបាល នឹងពង្រីក និងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ, និងការលើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ។

ទន្ទឹមគ្នានឹងយុទ្ធសាស្រ្តអាទិភាពទាំង៥ខាងលើនេះ សម្តេច អះអាងដែរថា រាជរដ្ឋាភិបាល ក៏នឹងជំរុញការរៀបចំសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការចូលរួមក្នុងការរៀបចំគោលនយោបាយផ្សេងៗផងដែរ៕ អត្ដបទ៖ ពិសី