បន្ទាប់ពីក្លាយជាម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter ភ្លាម មហាសេដ្ឋី Elon Musk ចាប់ផ្ដើមបណ្ដេញបុគ្គលិករាប់ពាន់នាក់ និងថែមទាំងប្ដូរឈ្មោះក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សមួយនេះ ទៅជាក្រុមហ៊ុន X ខណៈលោកក៏ទទួលបានការរិះគន់យ៉ាងចាស់ដៃពីមហាជន ជុំវិញបញ្ហានេះផងដែរ។
ជាមួយគ្នានេះ លោក Yoel Roth អតីតប្រធានផ្នែកសន្តិសុខនៃក្រុមហ៊ុន X ក៏បានចេញមុខទម្លាយពីចរិតពិតរបស់មហាសេដ្ឋីមានបំផុតលើលោក ដោយអះអាងថា Elon Musk គឺមានអត្តចរិត ២ គឺពេលខ្លះលោកជាមនុស្សមានហេតុផល កំប្លែង និងគួរឲ្យគោរព តែពេលខ្លះទៀតគឺគួរឲ្យធុញ និងជាមនុស្សចូលចិត្តបញ្ជាបុគ្គលិក ដោយគ្មានហេតុផល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានឥណ្ឌា Mashable។
លោក Roth បាននិយាយថា មានពេលមួយ Elon Musk បានបញ្ជាឲ្យលោក ទៅសុំទិន្នន័យរបស់អ្នកប្រើប្រាស់ពីក្រុមហ៊ុន Apple ខណៈលោកមានភាពស្រឡាំងកាំង ព្រោះថា Apple ច្បាស់ជាមិនយល់ព្រមសហការ ជាមួយបុគ្គលិកថ្នាក់កណ្ដាលដូចលោក ហើយពួកគេរឹតតែមិនព្រមចែករំលែកទិន្នន័យ ដែលទាក់ទងនឹងឯកជនភាពអ្នកប្រើប្រាស់ថែមទៀត។
នេះក៏ជាហេតុផលដែលលោក Roth បានដាក់លិខិតលាលែងតំណែងពីក្រុមហ៊ុន X និងថែមទាំងមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសាររបស់លោក ដោយសារ Fan របស់ Elon Musk មានរាប់លាននាក់ ហើយបើសិនជា Elon Musk បង្ហោះសារអាក្រក់ៗពីលោក ច្បាស់ជាធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ជាមិនខាន ដូច្នេះលោកបានរើផ្ទះភ្លាមៗ ក្រោយលាលែងពីក្រុមហ៊ុន X។
សូមជម្រាបដែរថា Elon Musk ក៏បានបង្ហោះសារមួយ ក្រោយទទួលបានលិខិតលាឈប់របស់លោក Yoel Roth ដោយអះអាងថា អតីតប្រធានផ្នែកសន្តិសុខរូបនេះលាឈប់ ព្រោះតែស្អប់លោក៕