សមាគមព្រះធម៌ បង្កើតដោយឧកញ៉ា យ៉ន សេងហាន ប្រកាសបើក​សម្ពោធដំណើរការ ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

សមាគមព្រះធម៌ ដើម្បីអប់រំយុវជន (DYEA) ដែលមានគោលដៅដឹកនាំអប់រំ​យុវជន ឱ្យគាំទ្រវិស័យព្រះពុទ្ធ​សាសនា​នៅកម្ពុជា បង្កើតឡើង​ដោយ​លោកឧកញ៉ាបណ្ឌិត យ៉ន សេងហាន ​អគ្គនាយកក្រុមហ៊ុន SENG HAN CO.,LTD បាន​ប្រកាស​បើក​សម្ពោធ​ដំណើរការ​ជាផ្លូវការ​យ៉ាង​អធឹកអធម​ កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា យ៉ន សេងហាន ប្រធានសមាគម​ បាន​លើកឡើង​ថា ដោយសារ​តែ​លោកជា​អ្នកបួសរៀន និង​យល់​ដឹង​ច្រើន​ពីវិស័យ​ព្រះពុទ្ធសាសនា ទើប​លោក​ឧកញ៉ា តែង​ដឹកនាំ​ក្រុមការងារ និង​យុវជន​ជា​ហូរហែរ​កន្លង​មក ដើម្បី​ធ្វើ​សកម្មភាព​ស្តាប់ព្រះធម៌​អប់រំចិត្ត ហើយ​ដោយសារ​មាន​សមាជិក​កាន់​តែ​ច្រើន និង​កត់សម្គាល់​ឃើញ​ថា សកម្មភាព​ស្តាប់ព្រះធម៌ និង​ធ្វើ​សម្មាធិអប់រំ​ចិត្ត​នេះ មាន​ប្រយោជន៍​ច្រើន​សម្រាប់​អ្នកអនុវត្តន៍ និង​ចង់​ឱ្យ​យុវជន​កាន់​តែ​ច្រើន បាន​ចូលរួម​ផង ទើប​​ជំរុញ​ឱ្យ​ឈាន​ដល់​ការ​បង្កើត​សមាគម​ព្រះធម៌​នេះ​ឡើង។

លោកឧកញ៉ា បាន​បន្ថែម​ថា ការ​បង្កើត​សមាគម​នេះ​ ក៏​ដើម្បី​កៀរគរ​អ្នកប្រាជ្ញា និង​អ្នកចេះដឹង​ទាំងអស់ ពិសេស​អ្នកធ្លាប់​បួស ដែល​មាន​ចំណេះដឹង​​ច្រើន​ រួម​ចំណែក​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​ព្រះធម៌ជូន​ដល់​សាធារណៈជន។

ពិធីសម្ពោធ​សមាគម​​នេះ មាន​ការ​ចូលរួម​ពី​អ្នកមុខ​អ្នកការ និង​យុវជន ដែល​មាន​ឆន្ទៈ​គាំទ្រ​ព្រះពុទ្ធសាសនា។ ក្នុង​ពិធី​នេះ​ក៏​មាន​ការ​តែងតាំង ប្រធានកិត្តិយស អនុប្រធាន ក្រុមប្រឹក្សាភិបាល និង​ឧត្តមទីប្រឹក្សាជាន់ខ្ពស់​ ដល់​ឥស្សរជន​មួយ​ចំនួន ដើម្បី​ឱ្យ​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​របស់​សមាគម ​​មាន​ដូច​ខាង​ក្រោម៖

លោក​ ជាតិ​ ប្រុស​ ជាអនុប្រធាន
លោក​ អាត​ រិទ្ធី​ ជា​ អនុប្រធាន​
លោក​ ប្រាក់​ សារ៉េន​ ជា​ អគ្គលេខាធិការ​
លោក​ រ៉ុន​ សារ៉ាត់​ ជា​ អគ្គលេខធិការរង
​លោកជំទាវ​ ម៉ៃ​ សុមាលី​ ជា​ ប្រធានហិរញ្ញវត្ថុ
លោកស្រី​ យ៉ូ​ សុរីយ៉ា​ ជា​ ប្រធារដ្ឋបាល
លោកគ្រូ​ ធម្មាចារ្យ​ ជា​ សុមាលា​ ជា​ ប្រធានអប់រំ​ និងផ្សព្វផ្សាយ។

សូមជម្រាបថា សមាគមព្រះធម៌ ដើម្បីអប់រំយុវជន (DYEA) បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​ចំណេះដឹង​ព្រះពុទ្ធសាសនា​ទៅកាន់​ប្រជាជាតិខ្មែរ អប់រំសីលធម៌​ដល់​យុវជន ចូលរួម​ចំណែក​អភិវឌ្ឍន៍​ជាតិ និង​ផ្តល់​ពុទ្ធិ​ដល់​យុវជន​ជំនាន់ក្រោយ។ ជាមួយគ្នានេះ សមាគម​មាន​បេសកកម្ម​ចម្បងៗ​ដូចជា៖ បង្កើតកម្មវិធី​សាកច្ឆា​ជា​រៀងរាល់​ថ្ងៃសីល មានការ​ចូលរួម​ពី​វាគ្មិន​ដែល​មាន​ចំណេះដឹង​ខ្ពស់ បើកវគ្គសិក្សាព្រះធម៌ កម្មវិធី​ផ្សព្វផ្សាយនិង​ដោះស្រាយ​បញ្ហា​នានា​តាម​អនឡាញ និង​កម្មវិធី​ជួបជុំ​យុវជន​ប្រចាំត្រីមាសនិងឆមាស៕