ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសកៀហ្ស៊ីស៊ីស្ថាន នាថ្ងៃព្រហស្បតិ៍ ខណៈនេះគឺជាការបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC ចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា។
យោងតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា លោក ពូទីន បានធ្វើដំណើរទៅដល់កៀហ្ស៊ីស៊ីស្ថាន នាពេលព្រឹកថ្ងៃព្រហស្បតិ៍ ហើយលោកនឹងជួបជាមួយប្រធានាធិបតី លោក Sadyr Japarov។
បន្ថែមពីនោះ លោកក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំ The Commonwealth of Independent States ជាមួយសម្ព័ន្ធមិត្ត គឺប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និងមេដឹកនាំក្នុងតំបន់ផ្សេងទៀត។
ជម្រាបបន្ថែមថា បន្ទាប់ពីបំពេញទស្សនកិច្ចនៅកៀហ្ស៊ីស៊ីស្ថានរួចរាល់ ប្រធានាធិបតីរុស្ស៊ី អាចនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង និងប្រទេសចិនបន្ទាប់ក៏ថាបាន។
គួររំលឹកដែរថា តាំងពីរុស្ស៊ីបើកការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែកុម្ភៈឆ្នាំ២០២២ មកទល់នឹងពេលបច្ចុប្បន្ន មេដឹកនាំ ពូទីន កម្រចាកចេញពីប្រទេសខ្លាំងណាស់ គួបផ្សំនឹងមានដីការចាប់ខ្លួនពី ICC ទៀត វារឹតតែធ្វើឲ្យលោកបាត់មុខពីឆាកអន្តរជាតិរឹតតែខ្លាំង៕