ជាពាណិជ្ជករមួយរូបដែលត្រូវបានចាត់ទុកថា កំពុងជោគជ័យទាំងមុខជំនួញ និងជីវិតគ្រួសារ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញនូវជំនាញដែលធ្វើឲ្យយើងមានតម្លៃ។ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី១៨ ខែតុលានេះ អ្នកឧកញ៉ាបានលើកយកនូវជំនាញចំនួន ១៣ដែលនឹងផ្តល់តម្លៃដល់អ្នកជារៀងរហូត។
បើតាមអ្នកឧកញ៉ា គិត ម៉េង ជំនាញជាក់លាក់គឺដូចជាកំណប់ទ្រព្យដ៏មានតម្លៃជាប់ខ្លួនអ្នកពេញមួយជីវិត មិនថាអ្នកទៅទីណា ឬធ្វើអ្វីនោះទេ។ ជំនាញទាំង១៣នេះគឺជាជំនាញសាមញ្ញ ប៉ុន្តែមានអត្ថប្រយោជន៍បំផុត និងមានតម្លៃមិនអាចកាត់ថ្លៃបាន៖
១. ជំនាញអាន យល់ដឹង និងចាំបានរហ័ស
២. ជំនាញបង្ហាញពីគំនិត និងអារម្មណ៍របស់អ្នក
៣. ជំនាញយល់ចិត្ត អារម្មណ៍ ឬបញ្ហារបស់អ្នកដទៃ
៤. ជំនាញធ្វើការសម្រេចចិត្តផ្អែកលើការពិត ដោយមិនផ្អែកលើអារម្មណ៍
៥. ជំនាញរក្សាភាពជាប់លាប់ មិនផ្លាស់ប្តូរ
៦. ជំនាញប្រើពាក្យពេចន៍បញ្ចុះបញ្ចូលឲ្យធ្វើតាម
៧. ជំនាញក្នុងការសុំជំនួយនៅពេលចាំបាច់
៨. ជំនាញក្នុងការបំបែកភារកិច្ចទៅជាសកម្មភាពផ្សេងៗដែលអាចគ្រប់គ្រងបាន
៩. ជំនាញនិយាយដោយមានទំនុកចិត្តខ្ពស់នៅចំពោះមុខហ្វូងមនុស្សច្រើន
១០. ជំនាញរក្សាស្មារតីតស៊ូមោះមុត ទោះប្រឈមមុខនឹងបរាជ័យក៏ដោយ
១១. ជំនាញវិនិយោគដោយប្រើប្រាជ្ញា
១២. ជំនាញគ្រប់គ្រងការគិតរបស់អ្នក
១៣. ជំនាញលើការចរចាប្រកបដោយប្រសិទ្ធភាព
អ្នកឧកញ៉ាប្រធានក្រុមហ៊ុន រ៉ូយាល់ គ្រុប រូបនេះបានគូសបញ្ជាក់ថា ជំនាញទាំងនេះគ្របដណ្តប់លើការប្រាស្រ័យទាក់ទង ការសម្របខ្លួន ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងភាពវៃឆ្លាតខាងអារម្មណ៍។ ជំនាញទាំង១៣នេះអាចផ្តល់អំណាចដល់អ្នកក្នុងគ្រប់ទិដ្ឋភាពនៃជីវិត ចាប់ពីការងាររហូតដល់ទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។
អ្នកឧកញ៉ាបន្ថែមថា នៅពេលដែលអ្នកចាប់យកជំនាញទាំងនេះ អ្នកអាចធ្វើវាឲ្យកាន់តែប្រសើរជាបន្តបន្ទាប់ ហើយជំនាញទាំងនោះនឹងនៅជាមួយអ្នកជារៀងរហូត៕