មហាសេដ្ឋីវៀតណាម និងជាប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong បានប្រកាសថា លោកនឹងបរិច្ចាគភាគហ៊ុន ៩៩,៨% មានតម្លៃប្រមាណ ២៧០,៨លានដុល្លារ ដែលមាននៅក្នុងក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនី VinES ទៅឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast កាន់កាប់ជំនួសវិញ។
តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានបង្ហាញឱ្យដឹងថា បន្ទាប់ពីការផ្ទេរភាគហ៊ុននេះ ក្រុមហ៊ុន VinES នឹងត្រូវរួមបញ្ចូលគ្នាតែមួយ ជាមួយក្រុមហ៊ុន VinFast ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់វៀតណាមួយនេះ មានធនធាន ដើម្បីផ្តោតកាន់តែខ្លាំងលើការស្រាវជ្រាវ និងការអភិវឌ្ឍអាគុយសម្រាប់រថយន្ត EVs។
លោកស្រី Le Thi Thu Thuy នាយកប្រតិបត្តិក្រុមហ៊ុន VinFast Global បាននិយាយនៅក្រោយការប្រកាសនេះថា៖ “ការរួមបញ្ចូលគ្នានៃ VinES និង VinFast នឹងជួយយើងឱ្យកាន់តែមានភាពសកម្មក្នុងវិស័យបច្ចេកវិទ្យាអាគុយ និងការផ្គត់ផ្គង់អាគុយសម្រាប់រថយន្ត EVs ក្នុងការបង្កើនប្រសិទ្ធភាពនៃការចំណាយ និងបង្កើនបច្ចេកវិទ្យាសម្រាប់រថយន្តអគ្គិសនី VinFast របស់យើង” ។
ជម្រាប់ជូនផងដែរថា ក្រុមហ៊ុន VinES ដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើការស្រាវជ្រាវ និងផលិតអាគុយលីចូម-អ៊ីយ៉ុង ដែលមានគុណភាពខ្ពស់សម្រាប់រថយន្ត EVs ប្រព័ន្ធផ្ទុកថាមពល និងកម្មវិធីផ្សេងៗទៀត នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុននេះ បានបង្កើនដើមទុនរបស់ខ្លួន ដល់ ២,៧ទ្រីលានដុង ហើយនៅក្នុងខែកក្កដា ឆ្នាំ ២០២៣ ពួកគេបានបង្កើនដើមទុនរបស់ខ្លួនបន្ថែមទៀត ដល់ចំនួន ៦,៥ទ្រីលានដុង៕