ឧកញ៉ា សំ សុខនឿន បង្ហាញការយល់ឃើញពីស្ថានភាពទិញលក់ដីធ្លី រយៈពេល១០ខែ ឆ្នាំ២០២៣នេះ

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា សំ សុខនឿន ​ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY យល់​ឃើញ​ថា ប្រតិបត្តិការ​ទិញ-លក់​ដីធ្លី​នៅ​កម្ពុជា គិត​ពី​ខែមករា មក​ដល់​ខែ​តុលា ឆ្នាំ២០២៣​នេះ នៅ​​តែ​មាន​ភាព​ស្ងប់ស្ងាត់​ខ្លាំង បើ​ធៀប​នឹង​​ឆ្នាំ២០១៩ មុន​ផ្ទុះ​ឡើង​នៃ​ជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​ឱ្យ​ដឹង​ថា ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣នេះ យើង​សង្កេត​ឃើញ​ថា វិស័យ​អចលនទ្រព្យ​នៅ​មាន​ភាព​ស្ងប់ស្ងាត់។ ចំពោះ​ដំណើរការ​ទិញ-លក់​វិញ គឺ​​នៅ​តែ​មាន​ការ​ថមថយ​ខ្លាំង​​ បើ​យើង​ប្រៀប​ធៀប​​នឹង​ឆ្នាំ២០១៩ ពិសេស​គឺ​​ប្រតិបត្តិការ​ទិញ-លក់​ដី នៅ​រាជធានីភ្នំពេញ។

ចំពោះ​សន្ទុះ​ការ​ទិញ-លក់​ដីធ្លី​នៅ​រាជធានីភ្នំពេញ មានភាព​ស្ងប់ស្ងាត់ ដោយសារ​តែ​កត្តា​​ ទី១ វិនិយោគិន​មួយ​ចំនួន ដែល​មាន​សាច់ប្រាក់​ពិត​ប្រាកដ​ គឺ​គាត់​មិន​ចង់​បញ្ចេញ​សាច់ប្រាក់។ ទី២ ធនាគារ​ដែល​តែង​ផ្តល់​ប្រាក់​កម្ចី​ដល់​អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យ​​ ឈប់​ឱ្យ​កម្ចី​សម្រាប់​ការ​ទិញ​អចលនវត្ថុ។

លោកឧកញ៉ា បន្ត​​ថា បើ​យើង​និយាយ​ពី​ដីធ្លី​នៅ​ជាយរាជធានីភ្នំពេញ​វិញ យើង​សង្កេត​ឃើញ​ថា តំបន់​មួយ​ចំនួន​ដែល​បាន​ឡើង​ថ្លៃ​ខ្ពស់​ទៅ​ហើយ មិនមាន​ប្រតិបត្តិការ​ទិញ-លក់​ទៀត​ទេ។ ប៉ុន្តែ​នៅ​ជាយ​​រាជធានីភ្នំពេញ មាន​​​តំបន់​ពីរឬ​បីកន្លែង នៅ​តែ​មាន​ប្រតិបត្តិការ​ទិញ-លក់​ច្រើន ដោយសារ​តែ​តម្លៃ​នៅ​ទាប​នៅ​ឡើយ ព្រោះ​ចម្ងាយ​ត្រឹម​តែ​៣០គីឡូម៉ែត្រ តម្លៃ​ត្រឹម​ ១០ដុល្លារ/ម៉ែត្រការ៉េ ព្រម​ទាំង​​មាន​គម្រោង​អភិវឌ្ឍន៍​នានា​ពី​រាជរដ្ឋាភិបាល​ថែម​ទៀត។

លោកឧកញ៉ា​កត់សម្គាល់​ឃើញ​​ទៀត​​ថា​ តាមបណ្តាខេត្តមួយចំនួន​ដូចជា ខេត្តសៀមរាប ព្រះសីហនុ ឬបណ្តា​ខេត្ត​ផ្សេងៗ វិស័យដីធ្លី​កាន់​តែ​មាន​ភាពស្ងប់ស្ងាត់​ជាង​រាជធានីភ្នំពេញ​ទៅ​ទៀត នៅ​ឆ្នាំ២០២៣​នេះ។

យ៉ាងណាក្តី អ្នកជំនាញ​អចលនវត្ថុនៅកម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល KW SAM SN ​យល់​​ថា ជាទូទៅ​វិស័យ​អចលនវត្ថុតែង​មានការីក​លូតលាស់រស់រវើកបន្តទៀត បន្ទាប់ពីមានការថមថយ។ ចំពោះ​អ្នកដែលមានភាព​អត់ធ្មត់ ម៉ឺង​ម៉ាត់ ស៊ូទ្រាំក្នុងវិស័យនេះ នឹងកាក់គាប់​ទទួលបានផលចំណេញ​ជាទីគាប់ចិត្ត នៅពេលដែល​វិស័យ​អចលនវត្ថុនេះ​ មានការរីកលូតលាស់​ម្តង​ទៀត៕​​​​​​