បន្ទាប់ពីមានការបាញ់រះនៅផ្សារទំនើប Siam Paragon ភ្ញៀវទេសចរជនជាតិចិន ហាក់បាត់បង់ទំនុកចិត្ត ជុំវិញការធ្វើដំណើរកម្សាន្តមកប្រទេសថៃ ដោយសារបារម្ភពីសុវត្ថិភាពរបស់ពួកគេ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន BangkokPost បានរាយការណ៍ថា ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦០ ០០០នាក់ បានលុបចោលដំណើរកម្សាន្តរបស់ពួកគេ នៅប្រទេសថៃ បន្ទាប់ពីមានហេតុការណ៍បាញ់រះនៅផ្សារទំនើប Siam Paragon ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ៣នាក់ ដោយមានជនជាតិចិនម្នាក់ផង។
ជាមួយគ្នានោះ ទិន្នន័យទទួលបានពីប្រលានយន្តហោះប្រទេសថៃបានបង្ហាញថា ចំនួនជនជាតិចិន ដែលធ្វើដំណើរមកដល់ប្រទេសថៃ មានការធ្លាក់ចុះប្រមាណ ៩,២% ពី ៦៥០ ០០០នាក់ មកនៅត្រឹម ៥៩០ ០០០នាក់។
គួរជម្រាបដែរថា ជនជាតិចិន គឺជាភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃច្រើនបំផុត មុនពេលកើតមានជំងឺរាតត្បាត កាលពីឆ្នាំ២០១៩ ដោយមានប្រមាណ ១១លាននាក់ ប៉ុន្តែអាជ្ញាធរថៃ បានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរចិននាឆ្នាំនេះ អាចនឹងទទួលបានត្រឹមប្រមាណ ៥លាននាក់ប៉ុណ្ណោះ៕