ផ្តើមចេញពីស្ថាបនិក លោកឧកញ្ញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើតក្រុមហ៊ុនឡើងក្នុងឆ្នាំ២០១៥ ដោយបានចុះបញ្ជីលេខ០០០០០៦៩៤ ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញអោយមានសេវាកម្មភតិសន្យារថយន្តនៅលើទីផ្សារកម្ពុជា។
ក្រុមហ៊ុន លី ហួរ លីស៊ីង បានបោះជំហ៊ានយ៉ាងលឿន ដោយធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៦ ព្រមទាំងបង្កើតសេវាកម្មភតិសន្យាម៉ូតូនៅឆ្នាំ២០១៧ និងសេវាកម្ម Lease-back នៅឆ្នាំជាបន្តបន្ទាប់ទៀត ដោយបង្កើនដើមទុនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
ក្នុងឆ្នាំ២០២៣នេះ គឺក្រុមហ៊ុនគម្រប់ខួប៨ឆ្នាំ ហើយក្រុមហ៊ុននៅតែបន្តនិរន្តរភាព ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយូរអង្វែង ដើម្បីអោយក្លាយជាមជ្ឈមណ្ឌលបង់រំលស់ឈានមុខគេនៅកម្ពុជា។ ដោយមើលឃើញពីភាពលូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុន មជ្ឈដា្ឋនដៃគូសហការបានចាប់អារម្មណ៍វិនិយោគរួមគ្នា ដើម្បីពង្រីកសក្តានុពលក្រុមហ៊ុនកាន់តែធំទូលាយទូទាំងប្រទេស។
ព្រឹត្តិការណ៍ដ៏ធំមួយនឹងកើតឡើង គឺកម្មវិធីអបអរសាទរ ការវិនិយោគរួមគ្នារវាង ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និង Hotai Finance Co. Ltd ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌែនស៊ីធីភ្នំពេញ ដែលមានការចូលរួមពីសំណាក់ភ្ញៀវសំខាន់ៗ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមតារាចម្រៀងនិងសិល្បៈល្បីៗមកចូលរួមអបអរសាទរផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន លី ហួរ លីស៊ីង ជាមជ្ឈមណ្ឌលបង់រំលស់ឈានមុខគេនៅកម្ពុជាក្នុងការផ្តល់សេវាភតិសន្យា រថយន្ត និងម៉ូតូ ព្រមទាំងសេវាកម្ម Lease-back ផងដែរ។