ប្រទេសចិន បានប្រកាសថា នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការលើដែនសមុទ្រអន្តរជាតិថ្មីមួយ នៅក្នុងកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងផ្លូវ នៅសប្តាហ៍នេះ ចំពេលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ កំពុងស្វែងរកការបង្ហាញពីគោលដៅ “សេដ្ឋកិច្ចពណ៌ខៀវ” របស់ខ្លួន ទៅកាន់ពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post ។
បើយោងតាមលោក Wang Antao មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានធម្មជាតិរបស់ប្រទេសចិន បានបង្ហាញឱ្យដឹងថា វេទិកាដ៏សំខាន់នេះ នឹងរួមបញ្ចូលជាលើកដំបូងនូវសម័យប្រជុំស្តីពីកិច្ចសហប្រតិបត្តិការដែនសមុទ្រអន្តរជាតិ ដែលរំពឹងទុកធ្វើឡើង នៅថ្ងៃពុធទី១៨ ខែតុលាខាងមុខ។
លោក Wang បានប្រាប់អ្នកយកព័ត៌មានទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងបញ្ចេញគំនិតផ្តួចផ្តើមដែនសមុទ្រថ្មីរបស់ខ្លួន នៅក្នុងសម័យប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ ដោយរំពឹងថាវានឹងជាកម្លាំងជំរុញថ្មី ក្នុងការធ្វើឱ្យសេដ្ឋកិច្ចមានភាពរស់រវើក ហើយជាក្បាលម៉ាស៊ីនថ្មីសម្រាប់ការតភ្ជាប់ ចំពោះកិច្ចសហប្រតិបត្តិការជាសកល ចំណុចរីកចម្រើនថ្មីសម្រាប់ការច្នៃប្រឌិត និងការផ្លាស់ប្តូរ ដែលមានសារៈសំខាន់សម្រាប់ប្រទេសចិន និងប្រទេសជាច្រើនទៀត ក៏នឹងអាចទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដូចគ្នា។
ជាមួយគ្នានេះ លោក Li Shuangjian នាយករងនៃសេវាទិន្នន័យ និងព័ត៌មានសមុទ្រជាតិ បានបង្ហាញឱ្យដឹងទៀតថា គំនិតផ្តួចផ្តើមថ្មីនេះ មានគោលបំណងប្រកាសពីគោលដៅអភិវឌ្ឍរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់កិច្ចសហប្រតិបត្តិការដែនសមុទ្រអន្តរជាតិ ដោយនឹងបន្តគោរពនូវកង្វល់ និងគំនិតរបស់ប្រទេសផ្សេងៗ។
លោក Li បានបន្តទៀតថា ប្រទេសចិន បានប្តេជ្ញាចិត្តក្នុងការអំពាវនាវឱ្យភាគីទាំងអស់ចាត់វិធានការរួមគ្នាដើម្បីការពារ និងប្រើប្រាស់មហាសមុទ្រប្រកបដោយនិរន្តរភាព ដើម្បីពិភាក្សាអំពីផែនការដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា និងចែករំលែកផ្លែផ្កានៃការអភិវឌ្ឍ ក្រោមគោលដៅសេដ្ឋកិច្ចពណ៌ខៀវ។
សូមជម្រាបបន្ថែមថា ចិន កំពុងរៀបចំប្រារព្ធខួប ១០ ឆ្នាំនៃយុទ្ធសាស្ត្រអភិវឌ្ឍសកល ដែលដឹកនាំដោយហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន នៅឯវេទិកាខ្សែ ក្រវាត់ និងផ្លូវលើកទីបី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ ដោយតំណាងប្រទេសចំនួន ១៣០ និងអង្គការពិភពលោកចំនួន ៣០ រួមទាំងប្រធានាធិបតីឈីលី លោក Gabriel Boric នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក៏ដូចជាមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏មានវត្តមានក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។