ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន បានបង្ហាញពីបំណង និងទិសដៅរបស់ខ្លួននាពេលខាងមុខថា នឹងវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែកនៅក្នុងប្រទេសកម្ពុជា។
ការលើកបង្ហាញពីទិសដៅរបស់ក្រុមហ៊ុន បានធ្វើឡើងនៅក្នុងជំនួបរវាងម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងជំនួបនេះ លោក វ៉ាង ជៀនភីង ប្រធានក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានផ្តល់ឱកាសដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ក៏ដូចជាចំពោះការគាំទ្រ និងការលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមក។
ក្នុងឱកាសនោះផងដែរ លោកបានបង្ហាញពីទិសដៅអនាគតថា៖« ក្រុមហ៊ុន មានផែនការវិនិយោគលើគម្រោងធំៗចំនួន ៣ បន្ថែមទៀត រួមមាន៖១. មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក ២.គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និង៣. គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ» ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណេត បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CRCC នាឱកាសនេះ ព្រមទាំងបានថ្លែងអំណរគុណ និងគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖« ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវដែកដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស សូមឱ្យក្រុមហ៊ុនសង្កត់ធ្ងន់លើគោលដៅចំនួនពីរ គឺការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ និងការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរីជាដើម»។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន China Railway Construction Corporation (CRCC) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន បច្ចុប្បន្នមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន CRCC មានគម្រោងវិនិយោគសរុបចំនួន ៥៣ ជាមួយនឹងដើមទុនប្រមាណ ៥.៣០០ លានដុល្លារអាមេរិករួមមកហើយ៕ អត្ថបទ៖ ពិសី