ការវិនិយោគរបស់ចិន នៅក្នុងប្រទេសថៃបានកើនឡើងខ្លាំង ក្នុងឆ្នាំនេះ ដែលជាហេតុធ្វើឱ្យនាយករដ្ឋមន្ត្រី លោក Srettha Thavisin ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
បើតាមក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានបង្ហាញឱ្យដឹងថា នៅចន្លោះខែមករា ដល់ខែសីហា ប្រទេសថៃ បានទទួលពាក្យស្នើសុំវិនិយោគពីក្រុមហ៊ុនបរទេសមានតម្លៃ ៣៦៥,២ពាន់លានបាត (១០,១ ពាន់លានដុល្លារ) ពោលគឺកើនឡើង ៧៣% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះក្រុមហ៊ុនចិននាំមុខគេ ក្នុងចំនួនទឹកប្រាក់ ៩០,៣ពាន់លានបាត កើនឡើងជិតបីដងធៀបនឹងឆ្នាំមុន។
លោក Narit Therdsteerasukdi អគ្គលេខាធិការ BOI បាននិយាយថា ការសន្យាវិនិយោគពីប្រទេសសិង្ហបុរីជាប់ក្នុងចំណាត់ថ្នាក់លេខ២ ដែលមានទឹកប្រាក់សរុបចំនួន ៧៦,៤ពាន់លានបាត ខណ:ភាគច្រើនជាក្រុមហ៊ុន ដែលមានដើមកំណើតមកពីប្រទេសចិនផងដែរ។
លោក Narit បានប្រាប់ទៅកាន់អ្នកយកព័ត៌មានទៀតថា ៖ “ប្រសិនបើអ្នកក្រឡេកមើលស្ថិតិពីមួយខែទៅមួយខែ ការវិនិយោគរបស់ចិននៅតែកើនឡើង។ ដូច្នេះខ្ញុំមើលឃើញថា នៅក្នុងរយ:ពេលពីរ ឬបីឆ្នាំខាងមុខនេះ ការវិនិយោគរបស់ចិននឹងនៅតែបន្តកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ “។
យ៉ាងណាមិញ លោក Srettha បានប្រាប់អ្នកសារព័ត៌មានមុននឹងចេញដំណើរទៅកាន់ប្រទេសចិន កាលពីថ្ងៃចន្ទថា ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក ទៅកាន់ទីក្រុងប៉េកាំង ដែលផ្តោតលើវេទិការួមមួយស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន នឹងរួមបញ្ចូលនូវការពិភាក្សាអំពីឱកាសវិនិយោគក្នុងវិស័យរថយន្តអគ្គិសនី ខណ:លោកក៏នឹងជួបពិភាក្សាជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនចិនធំៗ ផងដែរ៕