យោងតាមការចុះផ្សាយពីសារព័ត៌មាន The New York Times បានរាយការណ៍ថា ប្រទេសអ៊ីស្រាអែលបានស្នើសុំជំនួយផ្នែកយោធាបន្ទាន់ ពីសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ។
ប្រភពដដែលបន្ថែមថា ទឹកប្រាក់ដែលអ៊ីស្រាអែលស្នើសុំ នឹងរាប់បញ្ចូលក្នុងកញ្ចប់ជំនួយ ដែលអាមេរិកត្រៀមផ្ដល់ជូនប្រទេសអ៊ុយក្រែន តៃវ៉ាន់ និងតំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិក។
ជាមួយគ្នានោះ លោក Chuck Schumer មេដឹកនាំភាគច្រើននៃព្រឹទ្ធសភា បាននិយាយអំឡុងពេលបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យថា សភាអាមេរិកកំពុងពិចារណា ផ្ដល់ជំនួយសព្វាវុធទៅកាន់រដ្ឋាភិបាលក្រុង Tel Aviv ដែលមានដូចជា គ្រាប់កាំភ្លើង គ្រាប់រំសេវសម្រាប់ប្រព័ន្ធការពារកាំជ្រួច Iron Dome គ្រាប់បែកកំណត់គោលដៅ និងឧបករណ៍ JDAM ដែលប្រែក្លាយគ្រាប់បែកធម្មតា ទៅជាគ្រាប់បែកកំណត់គោលដៅដ៏ជាក់លាក់។
គួររំលឹកដែរថា អ៊ីស្រាអែល បានបើកការវាយបកវិញភ្លាមៗទៅកាន់តំបន់ Gaza តាមរយៈផ្លូវអាកាស ក្រោយទទួលបានការវាយឆ្មក់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលធ្វើឲ្យប្រជាជននៅតំបន់នោះ ប្រមាណ ១លាននាក់បាត់បង់ជម្រក និងសម្លាប់មនុស្សរង្គាល៕