ឧកញ៉ា ប៉ិច បូឡែន ៖ តើអ្នកនឹងជោគជ័យក្នុងជីវិតទេ ប្រសិនបើអ្នកមានតែចំណេះដឹង និងជំនាញច្បាស់លាស់?

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញអេឌ្យូខេសិន គ្រុប បានលើកឡើង នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ជាសំណួរថា តើអ្នកនឹងជោគជ័យក្នុងជីវិតទេ ប្រសិនបើអ្នកមានតែចំណេះដឹង និងជំនាញច្បាស់លាស់?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងសំណួរនេះ លោកឧកញ៉ាលើកឡើងពីកត្តាដែលនាំឱ្យបរាជ័យមួយចំនួន ដែលមនុស្សនៅពេលមានចំណេះដឹងល្អ ហើយនិងជំនាញច្បាស់លាស់តែងមើលរំលង។ គឺទី ១. អ្នកមិនចេះនិយាយឱ្យគេយល់គំនិតអ្នក ហើយថាគេមិនព្រមស្តាប់។
២. អ្នកមិនចង់និយាយ ព្រោះគិតថាគេគួរចេះគិតហើយ។
៣. អ្នកខ្ជិលនិយាយទៀត ព្រោះគិតថាអ្នកនិយាយច្រើនដងហើយ ហើយក៏សុខចិត្តដើរចេញពីបញ្ហាដែលត្រូវដោះស្រាយ។
៤. អ្នកនិយាយដោយប្រើពាក្យសម្តីមិនសមរម្យ ឬបានតែនិយាយរអ៊ូអត់ប្រយោជន៍ ឬរិះគន់គេ។
៥. អ្នកនិយាយគ្របគេរហូត ដោយមិនចេះស្តាប់គេខ្លះ។
៦. អ្នកនិយាយត្រង់ៗចេញពីប្រាជ្ញាគំនិត ដោយមិនគិតពីប្រាជ្ញាអារម្មណ៍ មិនយល់ពីកាលៈទេសៈ។
៧. អ្នកនិយាយចង់តែឈ្នះ។
៨. អ្នកនិយាយដោយគ្មានសិល្បៈទាក់ទាញ ។
៩. អ្នកមិនដាក់ចិត្តស្តាប់ មិនដាក់ចិត្តរៀនពីអ្នកដទៃខ្លះ ហើយគិតថាខ្លួនត្រូវរហូត។
១០. អ្នកស្តាប់ តែស្តាប់ដើម្បីតែចាំចាប់កំហុសគេ។
១១. អ្នកស្តាប់ តែស្តាប់ស្រង់យកតែអ្វីដែលគេនិយាយចេញ ដោយមិនចេះសិក្សាពីអ្វីដែលគេមិននិយាយ។
១២. អ្នកស្តាប់ដោយប្រើតែខួរក្បាល តែមិនប្រើបេះដូង។
១៣. អ្នកស្តាប់ តែប្រែជាខឹងច្រលោត អន់ចិត្ត ពេលគេនិយាយចំចំណុចពេក។
១៤. អ្នកខ្ជិលស្តាប់ ដោយគិតថាគំនិតគេមិនដល់យើង។

លោកឧកញ៉ា ប៉ិច បូឡែន បានបន្តថា «អ្នកគ្រាន់តែឃើញខ្ញុំសរសេរ ក៏អ្នកហត់ ហើយកាន់តែគិត និងកាន់តែខ្ជិលនិយាយ ខ្ជិលស្តាប់។ តែមនុស្សជាច្រើនលើសលប់មិនបានសមប្រកបនឹងដំណើរជីវិតរបស់ខ្លួនទាំងក្នុងជីវិតការងារ និងគ្រួសារដោយសារតែមិនចេះនិយាយ មិនចេះស្តាប់នេះឯង»។

ស្ថាបនិកសាលាអន្តរជាតិ វេសឡាញ រូបនេះសង្កត់ធ្ងន់ថា គួរហ្វឹកហាត់ជំនាញប្រាស្រ័យទាក់ទង (និយាយ និងស្តាប់នេះ) បើសិនចង់បានជោគជ័យនិងសុភមង្គលក្នុងជីវិត ។

គួរបញ្ជាក់ផងដែរថាឧកញ៉ា ប៉ិច បូឡែន កំពុងកាន់តួនាទីសំខាន់ៗជាច្រើនដូចជា អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប, ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ហើយលោកក៏ទើបជាប់ឆ្នោត កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ បន្តធ្វើជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិ ២០២៤-២០២៦ ផងដែរ៕

អត្ថបទ៖ សុកធា