GDP ត្រីមាសទី៣នៅចិនមានការកើនឡើង បង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចកំពុងមានសន្ទុះ

អន្តរជាតិ

កំណើនសេដ្ឋកិច្ចនៃប្រទេសចិន សម្រាប់ត្រីមាសទី៣ មានការកើនឡើងយ៉ាងឆាប់រហ័ស ខណៈវិស័យឧស្សាហកម្ម និងការប្រើប្រាស់ នាខែកញ្ញា ក៏បង្ហាញសញ្ញាវិជ្ជមានយ៉ាងល្អថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា GDP នាត្រីមាសទី៣ របស់ចិន កើនឡើង ៤,៩% ខ្ពស់ជាងការព្យាករណ៍ទុកពីគេហទំព័រ Reuters ដែលមាន ៤,៤% ខណៈវាក៏បានបង្ហាញពីសន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិចិនផងដែរ។

គួររំលឹកដែរថា កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង តែងតែបញ្ចេញនូវគោលនយោបាយ​ជាច្រើន សម្រាប់ជួយដល់វិស័យឯកជន ដែលជា​សូចនាករ​យ៉ាងសំខាន់ ក្នុងការជួយស្ដារសេដ្ឋកិច្ច​ជាតិ ដែលមានដូចជា ការចំណាយលើការងារសាធារណៈ កាត់បន្ថយអត្រាការប្រាក់ និងជួយ​ដល់​វិស័យអចលនទ្រព្យជាដើម។

បន្ថែមពីនេះ បើសិនជាកំណើនសេដ្ឋកិច្ចចិន នៅបន្តបង្ហាញសញ្ញាវិជ្ជមានល្អបែបនេះ ពួកគេនឹងសម្រេចបាននូវគោលដៅ ដែលបានដាក់កាលពីដើមឆ្នាំ ពោល​ចង់ឃើញសេដ្ឋកិច្ចចិន​រីកលូតលាស់បាន ៥% នៅក្នុងឆ្នាំ២០២៣៕