ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅកាន់ប្រធានាធិបតីវៀតណាម ឱ្យធ្វើការជំរុញ និងពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញឱ្យបានឆាប់ ដើម្បីពង្រីកទំហំ ពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគីឱ្យកាន់តែមានសន្ទុះខ្លាំងថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើដូច្នេះ ត្រូវបានធ្វើឡើងនៅពេលជួបពិភាក្សាការងារជាមួយ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណចំពោះជំនួបនេះ និងបានរំឭកអំពីជំនួបជាមួយប្រធានាធិបតីវៀតណាម កាលពីបួនឆ្នាំមុន ដែលទាំងនេះ គឺសុទ្ធសឹងជាឱកាសនៃការពិភាក្សាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងន័យនេះ សម្តេចធិបតី បានកត់សម្គាល់ដោយក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យ ដោយក្នុងនេះ ទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏មានភាពសកម្មជិតស្និទ្ធផងដែរ។
យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី បានបន្តថា៖«សូមស្នើ ឯកឧត្តម ប្រធានាធិបតីវៀតណាម ធ្វើយ៉ាងណាពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ្យបានឆាប់ ព្រោះការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍កាន់តែប្រសើរឡើង»។
ជាការឆ្លើយតប ឯកឧត្តម វ៉ វ៉ាន់ធឿង បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោក វ៉ វ៉ាន់ធឿង ក៏បានបញ្ជាក់បន្ថែមថា ប្រទេសវៀតណាមនៅតែរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។
បន្ថែមពីនេះ ប្រធានាធិបតីវៀតណាម បានសម្តែងនូវសុទិដ្ឋិនិយមថា៖«ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងអាចអនុវត្តដោយជោគជ័យនូវរាល់គោលនយោបាយនានា ដែលបានដាក់ចេញគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ»។
តាមរយៈជំនួនបខាងលើ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនថែមទៀត៕ អត្ថបទ៖ ពិសី