យោងតាមទិន្នន័យ ទទួលបានពីក្រុមវិភាគ GlobalData បានបង្ហាញឱ្យដឹងថា ឥណ្ឌូនេស៊ីក្លាយជាប្រទេសទីពីរនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ដែលចំណាយច្រើនបំផុត នៅក្នុងវិស័យយោធា ជាមួយថវិកាសរុប ៨,៨ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ នេះ។
ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ការចំណាយលើវិស័យយោធារបស់ប្រទេសនេះ ត្រូវបានគេព្យាករថានឹងមានការកើនឡើងដល់ ៩,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៨ ខាងមុខ។
លោក Abhijit Apsingikar អ្នកវិភាគលើវិស័យអវកាស និងការពារជាតិ នៅ GlobalData បាននិយាយថា ថវិកាចំណាយលើវិស័យការពារជាតិរបស់ឥណ្ឌូនេស៊ី ត្រូវបានជំរុញយ៉ាងខ្លាំង ដោយតម្រូវការក្នុងការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងការអនុវត្តគំនិតផ្តួចផ្តើមទំនើបកម្មយោធា។
គួរឱ្យដឹងថា ឥណ្ឌូនេស៊ី កំពុងសម្លឹងរកមើលការពង្រីកវិស័យការពារជាតិរបស់ខ្លួន ក៏ដូចជាការបង្កើនបរិវេណឧស្សាហកម្មផលិតកម្មការពារជាតិ តាមរយៈគំនិតផ្តួចផ្តើមទំនើបកម្មយោធា ក៏ដូចជាការពង្រឹងសមត្ថភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ និងអំពើភេរវកម្ម ផងដែរ។
ជម្រាបជូនផងដែរថា ក្នុងចន្លោះឆ្នាំ ២០១៨ ដល់ ២០២៣ ឥណ្ឌូនេស៊ី បានអនុវត្តកិច្ចព្រមព្រៀងការពារជាតិជាច្រើន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសរបស់ខ្លួន រួមទាំងការបញ្ជាទិញយន្តហោះចម្បាំងប្រភេទ Dassault Rafale ចំនួន ៤២ គ្រឿង ព្រមទាំងយន្តហោះចម្បាំង F-15ID ចំនួន ២៤ គ្រឿងផងដែរ ៕