ក្នុងខែកញ្ញា ជប៉ុនទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ២លាននាក់

អន្តរជាតិ

ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃពុធ ទី១៨ ខែតុលានេះថា ប្រទេសជប៉ុនបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២លាននាក់ក្នុងខែកញ្ញា ខណៈចំនួននេះហាក់ស្ទុះងើបឡើងវិញ ជិតដល់កម្រិតមុនការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានបង្ហាញថា ចំនួនភ្ញៀវបរទេសដែលមកធ្វើអាជីវកម្ម និងកម្សាន្តមានចំនួន ២,១៨លាននាក់កាលពីខែកញ្ញា ខណៈទិន្នន័យនេះកើនឡើងបន្តិចប៉ុណ្ណោះអំឡុងខែសីហា ដែលមានចំនួន ២,១៦លាននាក់។

ជាមួយគ្នានោះ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៣ ភ្ញៀវទេសចរបរទេសប្រមាណជាង ១៧លាននាក់បានមកដល់ប្រទេសជប៉ុន តែវានៅតែជាតួរលេខដាច់ឆ្ងាយពីកំណត់ត្រាប្រហែល ៣២លាននាក់កាលពីឆ្នាំ ២០១៩ ។

គូសបញ្ជាក់ថា ប្រទេសជប៉ុនបានប្រកាសបញ្ចប់ការរឹតបន្តឹងព្រំដែនដ៏តឹងរ៉ឹងកាលពីឆ្នាំមុន ហើយថែមទាំងបានអនុញ្ញាតអោយប្រទេសមួយចំនួនធ្វើដំណើរចូលប្រទេសរបស់ខ្លួនដោយពុំចាំបាច់ទាមទារទិដ្ឋាការ ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមជើងហោះហើរ  ក៏ដូចជាការធ្លាក់ចុះនៃប្រាក់យ៉េន បានធ្វើអោយជប៉ុនក្លាយជាប្រទេសគោលដៅទេសចរណ៍មួយយ៉ាងទាក់ទាញ៕