Country Garden ច្រានចោលចចាមអារ៉ាមថា ស្ថាបនិកក្រុមហ៊ុនរត់ចោលស្រុក

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅចិន គឺក្រុមហ៊ុន Country Garden បានចេញមុខ​បកស្រាយ និងច្រានចោលចចាមអារ៉ាមថា ស្ថាបនិកក្រុមហ៊ុន មហាសេដ្ឋី Yang Guoqing បានចាកចេញពីប្រទេសចិន ក្រោយជាប់បំណុលច្រើនពេក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនខ្នាតយក្សចិនខាងលើអះអាងទៀតថា បច្ចុប្បន្នទាំងស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល សុទ្ធសឹងតែ​កំពុងបំពេញភារកិច្ចរៀងៗខ្លួននៅក្រុមហ៊ុន និងមិនបានចាកចេញពីប្រទេស ដូចពាក្យចចាមអារ៉ាមម្ដងឡើយ។

គួររំលឹកបន្តិចថា មហាសេដ្ឋី Yang Guoqing ដែលជាស្ថាបនិកក្រុមហ៊ុន Country Garden បានលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាល កាលពីខែមីនាកន្លងទៅ ដោយកូនស្រី​របស់លោក អ្នកស្រី Yang Huiyan ជាអ្នកបន្តតំណែង ខណៈមហាសេដ្ឋីចិនរូបនេះ នៅមានកាតព្វកិច្ចជាទីប្រឹក្សាពិសេសប្រចាំក្រុមហ៊ុន។

ជម្រាបបន្ថែមថា បច្ចុប្បន្ន Country Garden កំពុងមានបំណុលជាច្រើនពាន់លានដុល្លារ ខណៈពួកគេត្រូវបង់ប្រាក់ ១៥លានដុល្លារ ទៅកាន់ម្ចាស់បំណុល ២រូប នាថ្ងៃពុធ ប៉ុន្តែម្ចាស់បំណុលទាំងនោះ មិនទាន់ទទួលបានទឹកប្រាក់ឡើយ មកទល់ពេលនេះ៕