ក្រុមហ៊ុន China Harbor Engineering Co (CHEC) ហាក់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនទៅលើគម្រោងសាងសង់ស្ពានអាកាសតម្លៃ ១ទ្រីលានបាត (២៧,៤ពាន់លានដុល្លារ) តភ្ជាប់រវាងឈូងសមុទ្រថៃ និងសមុទ្រ Andaman ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។
ប្រធានក្រុម CHEC លោក Wang Toungzhou បានបង្ហាញពីចំណាប់អារម្មណ៍ទៅលើគម្រោងដ៏ធំមួយនេះ អំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីរបស់ថៃ លោក Srettha Thavisin ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធ នៅពេលដែលមេដឹកនាំរបស់ប្រទេសថៃ កំពុងបំពេញដំណើរទស្សនកិច្ចនៅចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីវេទិកាខ្សែក្រវាត់ និងផ្លូវ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បានមានប្រសាសន៍ថា លោក Srettha បានបង្ហាញការស្វាគមន៍យ៉ាងពេញទំហឹងចំពោះចំណាប់អារម្មណ៍នេះ ហើយបានស្នើឱ្យក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ គួរតែបន្តពិភាក្សាអំពីសិទ្ធិក្នុងការចូលរួមផ្សព្វផ្សាយលើគម្រោង ជាមួយក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ បន្ថែមទៀត។
គួរឱ្យដឹងថា គម្រោងស្ពានអាកាសភ្ជាប់សមុទ្រនេះ ត្រូវបានស្នើធ្វើឡើង នៅទីតាំងផ្សេងទៀត ស្ថិតនៅក្នុងភាគខាងត្បូងប្រទេសថៃ ក្នុងរយ:ពេល ៤ ទសវត្សរ៍កន្លងមកនេះ ប៉ុន្តែមិនទាន់មានអ្វីអាចសម្រេចបាននោះឡើយ ដោយភាគច្រើនបានជួបប្រទះជាមួយនឹងឧបសគ្គជាច្រើន ដូចការប្រឆាំងយ៉ាងតឹងរ៉ឹងពីសំណាក់សហគមន៍មូលដ្ឋាន ដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានកំពង់ផែ និងតំបន់ឧស្សាហកម្មដែលទាក់ទងនឹងគម្រោង។
យ៉ាងណាមិញ លោក Chai បានធ្វើការបញ្ជាក់ថា គម្រោងដ៏ធំមួយនេះ ត្រូវបានលើកយកមកពិភាក្សាឡើងវិញ ដោយរដ្ឋាភិបាលបានដាក់ក្តីរំពឹងក្នុងការបញ្ចប់គម្រោងសាងសង់នៅឆ្នាំ ២០៣៩ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនរវាងឈូងសមុទ្រថៃ និងសមុទ្រ Andaman ។ ហើយគម្រោងនេះ ក៏រួមបញ្ចូលទាំងការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្ត Chumphon និងខេត្ត Ranong រួមទាំងផ្លូវហាយវេ បំពង់បង្ហូរប្រេង និងផ្លូវរថភ្លើង ផងដែរ៕