រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២០ខែតុលាឆ្នាំ២០២៣នេះបានអនុញ្ញាតឱ្យ ប្រើប្រាស់សាកល្បងនៅស្ពានកោះពេជ្រ-កោះនរាដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់។វត្តមានស្ពានថ្មីនេះត្រូវបានអ្នកជំនាញមើលឃើញថា មិនទាន់អាចជំរុញឱ្យតម្លៃដីធ្លីនៅខាងកោះនរាឡើងថ្លៃភ្លាមៗនោះទេក្នុងរយៈពេលខ្លីនៅពិភពលោកមានកំពុងជួបបញ្ហាដូចសព្វថ្ងៃនេះ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekongមើលឃើញថា ការកសាងស្ពានកោះនរា-កោះពេជ្រជាផ្នែកមួយសំខាន់ដើម្បីសម្រួលដល់ការដឹកជញ្ជូន ហើយដីនៅនៅគៀកនឹងស្ពានក្នុងតំបន់ជិតនិងផ្លូវនិងទទួលបាននូវផលវេជ្ជមានពីការអភិវឌ្ឍនៃគម្រោងសាងសង់ស្ពានមួយនេះ ហើយវត្តមានស្ពានថ្មីនេះជួយកាត់បន្ថយនៃការកកស្ទះចរាចរនៅត្រង់កន្លែងស្ពានអាកាសក្បាលថ្មល់បានមួយកម្រិតផងដែរ ។
លោក ច្រឹក សុខនីម មានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ សម្រាប់ទស្សនៈវិស័យឬការអភិវឌ្ឍនៅក្នុងវិស័យអចលនទ្រព្យ ឱ្យរីកចម្រើនឬឱ្យដីនៅកោះនរាឡើងថ្លៃតែម្តង ខ្ញុំមើលទៅវាមិនទាន់ពេលនេះ តែនៅថ្ងៃអនាគតអាចនិងឡើងថ្លៃនៅពេលស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរជាងពេលសព្វថ្ងៃនេះ។
លោកលើកឡើងថា ដីនៅកោះនរាបានឡើងថ្លៃរួចហើយទៅនៅពេលកន្លងមក កន្លែងខ្លះមួយការ៉េថ្លៃពី៨០០ទៅជាង១០០០ដុល្លារអាមេរិកនិងតំបន់ផ្សេងទៀតថ្លៃពី១៥០០ទៅដល់១៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយបើមានស្ពានឆ្លងកាត់ថែមទៀត វារឹតតែល្អក្នុងការអភិវឌ្ឍ។
លោក ច្រឹក សុខនីម សង្កត់ធ្ងន់ថា “សម្រាប់ខ្ញុំ ដីនៅខាងកោះនរាវាអាចនឹងមានការឡើងថ្លៃតទៅទៀត បើយើងប្រៀបទៅនិងដីកោះពេជ្រថ្លៃពី៣០០០ទៅ៤០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ អីចឹងតម្លៃដីនៅកោះនរាវានៅក្រោមតម្លៃដីកោះពេជ្រពី២ទៅ៣ដង គ្រាន់តែស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននេះវាមិនទាន់អំណោយផលសម្រាប់ដីនៅកោះនរា តែសម្រាប់រយៈវែងប្រាកដជាតម្លៃដីកើនឡើងថ្លៃជាក់ជាមិនខាន”។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា ជាទូទៅកាលណាមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្មីទំនើប តំបន់នោះរមែងទទួលបានការប្រែប្រួល ពិសេសតម្លៃដីធ្លីក៏ដូចជាការអភិវឌ្ឍន៍ផ្សេងៗនិងឡើងថ្លៃ។ក៏ប៉ុន្តែស្ថានភាពនៅពេលបច្ចុបច្ចប្បន្នដោយសារបញ្ហាសង្គ្រាមរុស្ស៊ី- អ៊ុយក្រែន ក៏ដូចជាសង្គ្រាមរវាង អ៊ីស្រាអែល-ប៉ាលីស្ទីន បានធ្វើឱ្យវិនិយោគិនបរទេសមួយចំនួននិងវិនិយោគិននៅក្នុងស្រុកនៅស្ងៀមសិន ។
លោកបណ្ឌិតមានប្រសាសន៍ “ខ្ញុំគិតថាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធថ្មី ពិសេសកោះនរា មានស្ពានសម្រាប់ឆ្លងកាត់ទៅវិញទៅមក ធ្វើឱ្យកោះនរា កាន់គៀកជាមួយទីក្រុងភ្នំពេញហើយប្រជាពលរដ្ឋធ្វើដំណើរកាន់តែមានភាពងាយស្រួល ហើយតម្លៃដីធ្លីនឹងហក់ឡើងពិតប្រាកដ ។ប៉ុន្តែចរន្តឬចលនានៃការទិញលក់ ខ្ញុំគិតថានៅមានកម្រិតនៅឡើយទេ ដោយសារពិភពលោកកំពុងជួបបញ្ហានៃការផ្ទុះសង្គ្រាមកើតឡើងជាបន្តបន្ទាប់”៕ សារេត