គណៈប្រតិភូធុរកិច្ចជនហ្វីលីពីន ដឹកនាំដោយប្រធានាធិបតីលោក Ferdinand Marcos Jr បានសម្រេចនូវកិច្ចព្រមព្រៀងតម្លៃប្រហែល ៤,២៦ពាន់លានដុល្លារ ជាមួយភាគីអារ៉ាប៊ីសាអូឌីត អំឡុងពេលចូលរួមកិច្ចប្រជុំរវាងប្រទេសតំបន់អាស៊ាន និងសមាជិក Gulf នៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រភពដដែលបន្ថែមថា កិច្ចព្រមព្រៀងមួយនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ ដោយមានមេដឹកនាំហ្វីលីពីន ជាសាក្សី។
ក្នុងនោះក្រុមហ៊ុនធំៗរបស់អារ៉ាប៊ីសាអូឌីត ដែលបានចុះកិច្ចព្រមព្រៀងជាមួយធុរកិច្ចជនហ្វីលីពីន មានដូចជា ក្រុមហ៊ុនប្រេង Al Rushaid Petroleum Investment Co. និង Samsung Engineering ចុះកុងត្រាជាមួយក្រុមហ៊ុនហ្វីលីពីន EEI Corp មានតម្លៃ ១២០លានដុល្លារ។
ជាមួយគ្នានេះ ក្រុមហ៊ុនធនធានមនុស្ស Al-Jeer-ARCO បានចុះហត្ថលេខាជាមួយសមាគមទីភ្នាក់ងារដែលមានអាជ្ញាប័ណ្ណហ្វីលីពីន សម្រាប់កិច្ចព្រមព្រៀងសេវាកម្មធនធានមនុស្សមានតម្លៃ ៣,៧ពាន់លានដុល្លារ។
បន្ថែមពីនោះ ក្រុមហ៊ុន Maharah Human Resources Co. របស់អារ៉ាប៊ីសាអូឌីត ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនហ្វីលីពីនចំនួន២ គឺ Staffhouse International Resources និង E-GMP International Corp សម្រាប់ការផ្ដល់សេវាកម្មធនធានមនុស្ស ក្នុងតម្លៃ ១៩១លានដុល្លារថែមទៀត៕