នាយករដ្ឋមន្ត្រីថៃ បញ្ជាឱ្យស្ថាប័នរដ្ឋទិញរថយន្តអគ្គិសនីប្រើប្រាស់ជំនួសរថយន្តចាស់ៗ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបញ្ជាឱ្យស្ថាប័នរដ្ឋទិញរថយន្តអគ្គិសនីមកប្រើប្រាស់ ជំនួសរថយន្តចាស់ៗ រួមទាំងសាងសង់ស្ថានីយសាកបំពេញអាគុយរថយន្ត EV បន្ថែមទៀត នៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើងដើម្បីជាផ្នែកមួយនៃយុទ្ធនាការកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ដល់ការផ្លាស់ប្តូរមកប្រើប្រាស់ថាមពលបៃតង ក្នុងគោលបំណងកាត់បន្ថយការបំភាយកាបូន និងអភិវឌ្ឍប្រទេសថៃ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្ម សម្រាប់រថយន្ត EV និងគ្រឿងបន្លាស់។

ក្រៅតែពីការណែនាំឱ្យទិញរថយន្ត EV មកប្រើប្រាស់ជំនួសរថយន្តចាស់ៗ ស្ថាប័នរដ្ឋក៏ត្រូវបាន នាយករដ្ឋមន្ត្រីថ្មី ប្រាប់ឱ្យទិញរថយន្តអគ្គិសនី សម្រាប់ប្រើប្រាស់នៅក្នុងបេសកកម្មផ្សេងៗ និងអ្នកដែលទើបចូលកាន់តំណែង នៅក្នុងជួររដ្ឋាភិបាលថ្មី ផងដែរ​។

ទន្ទឹមនឹងនោះ ក្រសួងដឹកជញ្ជូន និងហិរញ្ញវត្ថុថៃ ក៏នឹងចាត់វិធានការណ៍ ដើម្បីធ្វើឱ្យយានជំនិះសាធារណ:ទាំងអស់ រួមទាំងឡានក្រុង តាក់ស៊ី និងរ៉ឺម៉កកង់បី ឱ្យងាកមកប្តូរមកប្រើប្រាស់ថាមពលអគ្គិសនីជំនួសវិញ ។

ជម្រាបជូនផងដែរថា ការលក់រថយន្ត EV នៅក្នុងប្រទេសថៃ​ បានកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្សេងៗដល់អ្នកទិញយកប្រើប្រាស់។ តាមអត្រាបច្ចុប្បន្ន ការជ្រៀតចូលទីផ្សាររបស់រថយន្ត EV អាចនឹងឈានដល់ ៨,៧% នៃយានយន្តសរុបទាំងអស់ នៅឆ្នាំនេះ ពោលគឺបានកើនឡើង ៣,៨% កាលពីក្នុងឆ្នាំ ២០២២ ៕