ក្រុមហ៊ុននៅអឺរ៉ុបជាច្រើន កំពុងធ្វើការប្តេជ្ញាចិត្ត ក្នុងការមកបោះទុនវិនិយោគទឹកប្រាក់សរុបប្រមាណ ២ពាន់លានដុល្លារ ក្នុងវិស័យថាមពលកកើតឡើងវិញ នៅប្រទេសឥណ្ឌូនេស៊ី អំឡុងវេទិកាធុរកិច្ចឥណ្ឌូនេស៊ី-អឺរ៉ុប (IEBF) ដែលប្រារព្ធធ្វើឡើងនាពេលថ្មីៗនេះ នៅទីក្រុងហ្សាកាតា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
បើតាមក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលា ថា ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអឺរ៉ុបទាំងនេះ គឺចង់ជួយជំរុញដល់ការផ្លាស់ប្តូរថាមពលរបស់ប្រទេសឥណ្ឌូនេស៊ី ដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។
ទោះបីជាអត្តសញ្ញាណរបស់ក្រុមវិនិយោគិនទាំងនោះ មិនត្រូវបានបង្ហាញឱ្យដឹងក៏ដោយ ប៉ុន្តែមន្ត្រីការទូតជាន់ខ្ពស់ឥណ្ឌូនេស៊ី លោក Umar Hadi បានចែករំលែកថា ការប្តេជ្ញាចិត្តចំពោះការវិនិយោគនេះ គឺមានតម្លៃប្រហែល ៥ដងនៃកិច្ចព្រមព្រៀងប្រតិបត្តិការរបស់ IEBF និង INA-LAC ដែលធ្លាប់បានធ្វើកន្លងមក ។
លោក Umar បានបន្ថែមឱ្យដឹងទៀតថា មួយក្នុងចំណោមកិច្ចព្រមព្រៀងនេះ គឺជាអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការរវាង Ecoener ដែលជាក្រុមហ៊ុនអភិវឌ្ឍថាមពលកកើតឡើងវិញរបស់ប្រទេសអេស្ប៉ាញ និង Dredolf ដែលជាក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី មានឯកទេសក្នុងប្រតិបត្តិការ និងថែទាំ សម្រាប់ការផលិតថាមពល និងការចែកចាយអគ្គិសនី។
ជម្រាបជូនផងដែរថា វិនិយោគិនធំៗរបស់អឺរ៉ុប ហាក់ដូចជាកំពុងងាកមកផ្តោតលើប្រទេសឥណ្ឌូនេស៊ីកាន់តែច្រើន ខណ:កាលពីសប្តាហ៍មុន ក្រុមហ៊ុនអឺរ៉ុបមួយ ក៏បានប្រកាសពីគម្រោងសាងសង់រោងចក្រចម្រាញ់រ៉ែនីកែល ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ផងដែរ៕